(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកក្លែងឯកសារ ឬបំពុលសង្គម ពាក់ព័ន្ធពិធីបិទផ្លូវការ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក្រោយមានព័ត៌មានក្លែងក្លាយមួយចំនួន ត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គម ក៏ដូចជាជនឆ្លៀតឱកាស ដែលធ្វើការក្លែងបន្លំឯកសារ ខុសពីគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិ CAMSOC ។ ឯកឧត្តម បានបញ្ជាក់ថា សម្រាប់អ្នកក្លែងបន្លំឯកសារ ឬមានការផ្សព្វផ្សាយខុសពីគោលការណ៍របស់គណៈកម្មាធិការជាតិ CAMSOC នឹងត្រូវទទួលទោសយ៉ាងតឹងរឹង ចំពោះច្បាប់ជាធរមាន ។ ជាមួយគ្នា CAMSOC ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះប្រភពព័ត៌មានមិនផ្លូវការ ដែលនាំឲ្យខូចដល់បរិយាកាសភាពជោគជ័យ និងអស្ចារ្យរបស់ព្រឹត្តិការណ៍ស៊ីហ្គេមជាប្រវត្តិសាស្ដ្រនេះផងដែរ ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នឹងត្រូវបិទជាផ្លូវការ នាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បន្ទាប់ពីពិធីបើកដ៏អស្ចារ្យ កាលពីថ្ងៃទី០៥ ខែឧសភាកន្លងទៅ ៕