(មីយ៉ាន់ម៉ា)៖ ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV បានបង្ហាញរូបភាពដែលយោធាត្រៀមការផ្គត់ផ្គង់ជំនួយសង្រ្គោះបន្ទាន់សម្រាប់តំបន់រងផលប៉ះពាល់ដោយសារព្យុះស៊ីក្លូន Mocha នៅក្នុងប្រទេសមួយនេះ ។យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ការផ្គត់ផ្គង់ជំនួយសង្រ្គោះបន្ទាន់ នឹងត្រូវចែកចាយតាមមធ្យោបាយដឹកជញ្ជូនជាច្រើនទៅកាន់តំបន់រងផលប៉ះពាល់ តាមការបញ្ជារបស់មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ព្យុះស៊ីក្លូន Mochaដែលបានបោកបក់ឆ្លងកាត់តំបន់ឆកសមុទ្របឹងហ្គាល់ បានបណ្តាលឲ្យមនុស្ស ២៩នាក់ បាត់បង់ជីវិតនៅមីយ៉ាន់ម៉ា និងមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស ។ប្រជាពលរដ្ឋក្នុងតំបន់និយាយថា ទោះបីជាយ៉ាងណាក៏ដោយ ជំរំជនភៀសខ្លួននៅតំបន់ភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស សម្រាប់ជនមូស្លីមរ៉ូហ៊ីងយ៉ាមកពីសហភាពមីយ៉ាន់ម៉ា បានគេចផុតពីព្យុះដ៏អាក្រក់មួយនេះ បើទោះបីជាខ្ទមធ្វើពីដើមឫស្សីជាច្រើនខ្នង រងការខូចខាតក៏ដោយ ។
រដ្ឋ Rakhine ដែលហែកហួរដោយសារជម្លោះជាមួយយោធាមីយ៉ាន់ម៉ា រងគ្រោះធ្ងន់ធ្ងរខ្លាំងដោយសារព្យុះ Mocha ជាទីដែលខ្យល់បក់ក្នុងល្បឿន ២១០គ.ម ក្នុង១ម៉ោង ធ្វើឲ្យប៉ើងដំបូលផ្ទះ ហើយភ្លៀងបង្កឡើងដោយសារព្យុះ បានជន់លិចទីក្រុងSittwe កាលពីថ្ងៃអាទិត្យ ។ ទូរទស្សន៍ Myawaddy TV គ្រប់គ្រងដោយយោធា រាយការណ៍ថាលំនៅឋានប្រជាពលរដ្ឋជាង ៨៥០ខ្នង សាលារៀន ៦៤ខ្នង មណ្ឌលសុខភាព ១៤កន្លែង និងប៉មអគារសហគមន៍៧ខ្នង នៅមីយ៉ាន់ម៉ា ត្រូវបានបំផ្លិចបំផ្លាញ ឬរងការខូចខាតដោយសារព្យុះ Mocha ដែលស្ថិតក្នុងចំណោមព្យុះដ៏ខ្លាំងក្លាបំផុតបោកបក់មកលើប្រទេសមួយនេះ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។
ដោយឡែក អ្នកនាំពាក្យកងកម្លាំងជីវពលកងទ័ពអារ៉ាកាន់ នៅរដ្ឋ Rakhineនិយាយថា ពួកគេប្រើប្រាស់សម្ភារៈទំនាក់ទំនងរបស់ខ្លួន ដើម្បីប្រមូលព័ត៌មានពីផលប៉ះពាល់ដោយសារព្យុះ ពីព្រោះថាបណ្តាញទំនាក់ទំនងស៊ីវិល ត្រូវបានបង្អាក់យ៉ាងធ្ងន់ធ្ងរ ។ ការិយាល័យមនុស្សធម៌អង្គការសហប្រជាជាតិ(OCHA)និយាយថា មនុស្សប្រហែល ៦លាននាក់ នៅក្នុងតំបន់ ត្រូវការជំនួយមនុស្សធម៌រួចទៅហើយ មុនពេលព្យុះបោកបក់មកដល់ ពោលគឺនៅក្នុងចំណោមពលរដ្ឋ ១,២លាននាក់ ដែលបានជម្លៀសខ្លួនក្នុងប្រទេស ដើម្បីរត់គេចចេញពីជម្លោះជនជាតិភាគតិច ៕