(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំពួកខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ នេះបើតាមសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។ ក្នុងសារលិខិតនោះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ មកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះគឺមានរយៈពេល៧៨ឆ្នាំហើយ ដែលអង្គប្រតិបត្តិច្បាប់មួយត្រូវបានចាប់បដិសន្ធិឡើង និងត្រូវបានប្រសិទ្ធនាមថា «នគរបាលជាតិ» ក្រោមស្នាព្រះហស្តដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះមហាវីរបុត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបំណងពង្រឹងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ការរៀបចំទិវារំលឹកខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រនេះ គឺជាសក្ខីកម្មប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលបានរំលឹកឡើងវិញ នូវការចងចាំមិនអាចបំភ្លេចបានចំពោះគុណូបការៈ នៃស្នាព្រះហស្តរបស់ព្រះបិតាស្ថាបនិកនគរបាលជាតិ ក៏ដូចជាការធ្វើពលិកម្មរបស់បុព្វបុរសរៀមច្បង និងយុទ្ធជន យុទ្ធនារី នគរបាលជាតិគ្រប់ជំនាន់ ដែលបានតស៊ូឆ្លងកាត់រាល់ការប្រែប្រួលដ៏ស្មុគស្មាញនៃនិន្នាការសង្គម បង្កើតបាននូវស្នាដៃ សមិទ្ធផលជាច្រើនឥតគណនា ដើម្បីបុព្វហេតុសន្តិសុខជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនសម្ដេចតេជោផ្ទាល់ សូមឆ្លៀតយកឱកាសដ៏ប្រសើរថ្លៃថ្លានេះផ្ដាំ ផ្ញើការសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីស្រលាញ់រាប់អានដ៏ស្ម័គ្រស្មោះអស់ពីដួងចិត្តជូនចំពោះថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ព្រមទាំងនិវត្តន៍ជននគរបាលជាតិទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួន ប្តូរផ្តាច់ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាបាននូវស្ថិរភាពនយោបាយ និងការពារបានយ៉ាងរឹងមាំនូវខឿនសន្តិសុខជាតិ។ ទន្ទឹមនេះក៏សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងជូនពរដល់មន្ត្រីនគរបាលជាតិដែល មានជំងឺ របួស ហើយកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ឬ គេហដ្ឋាន សូមឆាប់ជាសះស្បើយបានវិលមកជួបជុំក្រុមគ្រួសារ មិត្តភក្តិ និងសហការី ដើម្បីបន្តភារកិច្ចការងារជូនអង្គភាពវិញ។ ខាងក្រោមនេះ ជាសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន៖