(ភ្នំពេញ)៖ វីរកីឡាការិនី ស៊ន សៀវម៉ី ឈ្នះមេដាយមាស កីឡាតេក្វាន់ដូ លើវិញ្ញាសាប្រយុទ្ធនារីទម្ងន់ ៧៣គីឡូក្រាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កាលពីរាត្រីថ្ងៃទី១៤ ខែឧសភា។
នេះជាមេដាយមាសទី៤ របស់កីឡាការិនីមានកម្ពស់ ១,៨៣ ម៉ែត្រខាងលើដូចជា៖
-ទី១ ឆ្នាំ ២០១៣ នៅមីយ៉ាន់ម៉ា
-ទី២ ឆ្នាំ២០១៧ នៅម៉ាឡេស៊ី
-ទី៣ ឆ្នាំ២០១៩ នៅហ្វីលីពីន
ខណៈឆ្នាំ២០១១ នៅឥណ្ឌូណេស៊ី រូបគេបានមេដាយសំរឹទ្ធិ។ គួរដឹងថាវីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បានទទួលងារជា «លោកជំទាវ» បន្ទាប់ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាជំនួយការសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី ៤ មានឋានៈស្មើ អគ្គនាយកបន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលបានប្រាក់បំណាច់មុខងារ។ ការត្រាស់បង្គាប់តែងតាំងដែលបានធ្វើឡើងកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក៏ព្រោះវីរកីឡាការិនី ស៊ន សៀវម៉ី បានសាងស្នាដៃច្រើនជូនជាតិ តាមរយៈការដណ្តើមបានមេដាយមាសនៅលើឆាកអន្តរជាតិជាបន្តបន្ទាប់។ ស្នាដៃសំខាន់របស់ សៀវម៉ី គឺជាបេក្ខភាពដំបូងគេដែលបានឈ្នះមេដាយមាសពីការប្រកួតកីឡាអាស៊ី ឆ្នាំ២០១៤ ឱ្យកម្ពុជាបានមុនគេ៕