(ថៃ)៖ មេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក Pita Limjaroenrat បានស្ថិតនៅលើផ្លូវ ឈានទៅរកការកាន់កាប់តំណែងលេខមួយ ក្នុងការបោះឆ្នោតរបស់ប្រទេសថៃ។យោងតាមលទ្ធផលក្រៅផ្លូវការពីគណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលចេញផ្សាយកាលពីយប់ថ្ងៃអាទិត្យទី១៤ខែឧសភា បានបង្ហាញថា គណបក្សរបស់បុរសអាយុ៤២ឆ្នាំរូបនេះ ទទួលបានការគាំទ្រនៅគ្រប់តំបន់ក្នុងប្រទេស ប៉ុន្តែមានសំឡេងប្រកៀកប្រកិតគ្នាជាមួយ គណបក្សភឿថៃ។
ខណៈសន្លឹកឆ្នោតពីការិយាល័យបោះឆ្នោតចំនួន៤៧៩២៩ក្នុងចំណោមការិយាល័យ ៩៥១៣៧នៅទូទាំងប្រទេសត្រូវបានរាប់នោះ គណបក្សឆ្ពោះទៅមុខ កំពុងឈានទៅរកការឈ្នះ១៥១អាសនៈក្នុងចំណោម៥០០អាសនៈនៃរដ្ឋសភា។ ទន្ទឹមនោះ ផ្អែកលើទិន្នន័យបោះឆ្នោតដូចគ្នានេះ គណបក្សភឿថៃនឹងឈ្នះ១៤៦អាសនៈ។ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលចុងក្រោយអាចនឹងប្រែប្រួល ប៉ុន្តែវាបង្ហាញយ៉ាងច្បាស់ថា ទាំងគណបក្សឆ្ពោះទៅមុខ និងគណបក្សភឿថៃ គឺជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតថ្ងៃទី ១៤ខែឧសភា។
ចំណែក គណបក្ស ភូមិចៃថៃ របស់រដ្ឋមន្ត្រីសុខាភិបាលចាំផ្ទះ លោក Anutin Charnvirakul បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ដោយមាន ៦៩អាសនៈ។ រីឯគណបក្សអំណាចប្រជាជន របស់ឧបនាយករដ្ឋមន្ត្រីចាំផ្ទះ Prawit Wongsuwan កំពុងឈរនៅចំណាត់ថ្នាក់លេខ៤ ជាមួយអាសនៈចំនួន៣៤។ អ្វីដែលគួរឲ្យកត់សម្គាល់ គណបក្សថៃរួមជាតិ របស់នាយករដ្ឋមន្ត្រីផុតអាណត្តិលោក ប្រាយុទ្ធ ចាន់អូចា ទទួលបានលទ្ធផលអាក្រក់ ដោយឈរនៅលេខរៀងទីប្រាំជាមួយនឹងអាសនៈចំនួន៣២៕