(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសារសំឡេងបន្ទាន់មួយ អំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាមួយចំនួនតូច ដែលគាំទ្រគណបក្សភ្លើងទៀន កុំចាញ់ការឃោសនារបស់បក្សមួយនេះ ដែលមានចេតនាកៀងគរញុះញង់សមាជិក សមាជិកា បងប្អូនប្រជាពលរដ្ឋ បង្កភាពវឹកវរក្នុងអំឡុងពេលដែលប្រទេសកម្ពុជា កំពុងរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ បានយ៉ាងជោគជ័យ ។
តាមរយៈសារសំឡេង សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអនុវត្តវិធានការផ្លូវច្បាប់ ចំពោះក្រុមមេដឹកនាំគណបក្សប្រឆាំងភ្លើងទៀន ដែលមានគម្រោងប្រមូលផ្ដុំបក្ខពួក បង្កភាពចលាចលដល់សន្ដិសុខ សុវត្ថិភាព និងស្ថិរភាពនយោបាយ ក្នុងន័យទុច្ចរិត។ ជាមួយគ្នានោះ សម្ដេចតេជោ ក៏បានដាក់បទបញ្ជាដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ដើម្បីអនុវត្តវិធានការច្បាប់នូវរាល់ទង្វើខុសច្បាប់នានា របស់ក្រុមមេដឹកនាំគណបក្សភ្លើងទៀន ដែលកំពុងតែបង្កឡើងនេះផងដែរ។
សូមបញ្ជាក់ថា គណបក្សភ្លើងទៀន បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ដែលមានចុះកាលបរិច្ឆេតកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ដែលមានសេចក្តីយ៉ាងដូច្នេះថា៖ « គណបក្សភ្លើងទៀន មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា គណៈកម្មាធិការនាយក និងថ្នាក់ដឹកនាំគណបក្សរាជធានី-ខេត្តទូទាំងប្រទេស បានបើកកិច្ចប្រជុំនៅទីស្នាក់ការកណ្តាលគណបក្ស រាជធានីភ្នំពេញ វេលាម៉ោង៥:០០នាទីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចលទ្ធផលដូចខាងក្រោម៖ ១-បំពេញបន្ថែមឯកសារពាក់ព័ន្ធការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣. របស់គណបក្សភ្លើងទៀន នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី១៣ ខែឧសភា វេលាម៉ោង៣:០០នាទីរសៀល។ ២-ប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្ស នៅទូទាំងប្រទេស ដើម្បីតស៊ូមតិដោយសន្តិវិធី ក្នុងករណីគណបក្សភ្លើងទៀន ត្រូវបាន គ.ជ.ប បដិសេធ មិនចុះបញ្ជី គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣»៕