(ភ្នំពេញ)៖ សម្ដេចក្រឡោហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី បានថ្លែងថា ប្រសិនបើរកឃើញព័ត៌មានពិតប្រាកដថា មានការទម្លាក់មន្ដ្រីឲ្យទៅបម្រើការនៅមូលដ្ឋាន ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តនោះ គួរសុំលាចេញពីតំណែង ដោយសារការជ្រើរើសមន្រ្ដីនៅមូលដ្ឋាន គឺត្រូវជ្រើសរើសក្នុងមូលដ្ឋានផ្ទាល់ ដើម្បីផ្ដល់ភាពងាយស្រួល និងប្រសិទ្ធភាព ក្នុងការបំពេញកិច្ចការងារជាមួយប្រជាពលរដ្ឋ។សម្ដេច ស ខេង បានថ្លែងបែបនេះ ក្នុងពិធីបិទវគ្គសុក្រឹតការ ថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។
សម្ដេចរម្លឹកថា កន្លងមកការជ្រើសរើស នគរបាលប៉ុស្ដិ៍ ហើយមានការប្រឡងរួច ទើបបញ្ជូនឲ្យប៉ុស្ដិ៍ឃុំ-សង្កាត់ ប៉ុន្ដែមិនបានទទួល ជោគជ័យឡើយ ព្រោះមនុស្សដែលប្រឡងជាប់នោះ មិនមែនរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ។ សម្ដេច បន្ដថា នាពេលបច្ចុប្បន្ននេះ មិនប្រឡងទៀតឡើយ គឺឲ្យជ្រើសរើសដោយផ្ទាល់នៅប៉ុស្ដិ៍រដ្ឋបាលឃុំ-សង្កាត់តែម្តង ។
សម្ដេចគូសបញ្ជាក់ថា «ខ្ញុំ ទទួលព័ត៌មានថា រៀបចំទម្លាក់ពីខេត្តទៅតែម្ដង ដាក់ទៅកន្លែងណាប៉ុន្មាន ហើយមិនមែនជាមនុស្សនៅកន្លែងណុង បើខ្ញុំរកឃើញពិតប្រាកដមែន ស្នងការនគរបាលទទួលខុសត្រូវមុនគេ ។ បើជាការល្អ សុំដកខ្លួន សុំលាលែង កុំឲ្យដេញ ហើយអស់ស័ក្តទៀត ព្រោះយើងចង់បានថា បើកូនចៅប្រជាពលរដ្ឋ នៅកន្លែងណា ត្រូវដាក់កន្លែងណុង នៅឃុំ-សង្កាត់ ណុង»៕