(រុស្សី)៖ យ៉ាងហោចណាស់មនុស្ស ២០ នាក់បានរងរបួស ក្នុងនោះមានកុមារប្រហែល ៨ នាក់ និង ២ នាក់មានស្ថានភាពធ្ងន់ធ្ងរ ក្នុងគ្រោះថ្នាក់ដ៏ធំបានកើតឡើងនៅសួនកម្សាន្តមួយកន្លែងនៅភាគខាងកើតទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី ០៨ ខែឧសភា។តាមរយៈឃ្លិបដែលថតពីពេលវេលាដ៏រន្ធត់នេះ បានបង្ហាញពីអ្នកទេសចរកំពុងភ្ជាប់ខ្លួនរបស់ពួកគេនៅលើទោងវិល ដែលកំពុងវិលជារង្វង់ក្នុងល្បឿនលឿន ភ្លាមៗនោះស្នូលកណ្តាលរបស់ទោងស្រាប់តែបាក់រលំចុះមកក្រោម ដោយបណ្តាលឲ្យអ្នកទេសចរដាច់ធ្លាក់ពីលើអាកាសមកដី។
យោងតាមកាសែត New York Post បានបញ្ចាក់ថា កន្លែងជិះទោងបានដំណើរការប្រហែល ១៧ឆ្នាំហើយ និងជាកន្លែងជិះដ៏ពេញនិយមបំផុតមួយជាមួយអ្នកទេសចរ ស្របពេលដែលខាងនាយកសួនកម្សាន្តក៏បញ្ជាក់ថា នៅមុនពេលកើតហេតុ គ្រប់អ្នកជិះសុទ្ធតែបានធ្វើតេស្តសុវត្ថិភាព ហើយអ្នកលេងទាំងអស់ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់រដ្ឋ។ ទោះយ៉ាងណាក៏ដោយ មន្ត្រីក្នុងតំបន់បាននិយាយ អ្វីដែលបានកើតឡើងគឺមិនអាចទទួលយកបាន ហើយសុខភាពសាធារណៈ និងសុវត្ថិភាពគឺមានសារៈសំខាន់បំផុត។ អាជ្ញាធរបានបើកការស៊ើបអង្កេតរកមូលហេតុនិងអ្នកទទួលខុសត្រូវចំពោះគ្រោះថ្នាក់នេះ “យើងនៅមិនទាន់ដឹងថាអ្វីដែលបណ្ដាលឲ្យមានគ្រោះថ្នាក់នោះទេ។ ប៉ុន្តែអ្នកដែលទទួលខុសត្រូវចំពោះសុវត្ថិភាពនៃការជិះនោះប្រាកដជាត្រូវទទួលទោស”៕