(ឥណ្ឌូណេស៊ី)៖ នាយនគរបាលជាតិឥណ្ឌូណេស៊ីជាន់ខ្ពស់មួយរូប ត្រូវបានតុលាការរកឃើញថា មានកំហុសអាចឈានដល់ការកាត់ទោសប្រហារជីវិត ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនប្រភេទ មេតាមហ្វីតាមីនទម្ងន់៥គីឡូក្រាម ដែលបានរឹបអូសពីជនសង្ស័យរយៈកាលកន្លងមកហើយ ហើយឱ្យជនស៊ីវិលជួញដូរបន្តក្នុងនាមជាសន្ធានការីរបស់គាត់។ តុលាការក្រុងហ្សាកាតា បានរកឃើញកំហុសលោក ថេតឌី មីណាហាសា ពូត្រា (Teddy Minahasa Putra) ពីបទបញ្ជាមន្ត្រីក្រោមឱវាទរបស់ខ្លួនឱ្យមានការដោះដូរគ្រឿងញៀនប្រភេទគ្រាប់មេតាមហ្វីតាមីនដែលខ្លួនរឹបអូសបានពីជនល្មើស ជាមួយនឹងសារធាតុប៉ូតាស្យូម អាលុម( potassium alum) ក្នុងផែនការខុសច្បាប់លើការជួញដូរគ្រឿងញៀន។
ដោយយោងតាមតុលាការបានរកឃើញថា លោក ពូត្រា កាលពីមុនធ្លាប់ធ្វើជាស្នងការនគរបាលខេត្តស៊ូម៉ាត្រាភាគខាងលិច ហើយក៏ធ្លាប់មានការជួញដូរគ្រឿងញៀនប្រភេទមេតាមហ្វីតាមីន តាមរយៈរូបភាពប្រើជនស៊ីវិលធ្វើជាសន្ធានការី។ ដោយឡែកមេធាវី របស់លោកពូត្រាវិញ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅខាងក្រៅសាលសវនាការថា ខ្លួននឹងរៀបចំពាក្យបណ្តឹងឧទ្ធរណ៍បន្តទៀតនៅថ្ងៃនេះ ស្របពេលដែលក្រុមរដ្ឋអាជ្ញាបានស្វះស្វែងរកការកាត់ទោសប្រហារជីវិតនាយនគរបាលជាតិឈ្មោះ ពូត្រានេះ ។
ម្យ៉ាងទៀត ចៅក្រមបានឱ្យដឹងតាមរយៈអ្នកនំាពាក្យបន្ថែមដែរថា ជនសង្ស័យឈ្មោះ ពូត្រា ធ្លាប់បំរើការងារក្នុងជួរកម្លំាងនគរបាលជាតិរយៈពេល៣០ឆ្នំាផងដែរ។ ខណៈនេះ ជនសង្ស័យ ពូត្រា នឹងនៅតែបន្តជាប់ឃុំរហូតដល់មានការកាត់ទោសប្រហារជីវិត។ ប្រទេសឥណ្ឌូណេស៊ី បានក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រជាជាតិមួយចំនួនដែលអនុវត្តច្បាប់ប្រឆំាងនឹងសារធាតុគ្រឿងញៀនណាកូទិកដ៏តឹងរឹងបំផុតរបស់ពិភពលោក ដោយមានការកាត់ទោសប្រហារជីវិតពីបទល្មើសជួញដូរគ្រឿង។
ដោយយោងតាមរបាយការណ៍អង្គការលើកលែងទោសអន្តរជាតិ(Amnesty International)បានលើកឡើងថា ប្រទេសឥណ្ឌូណេស៊ីបានកាត់ទោសប្រហារជីវិតមនុស្សយ៉ាងហោចណាស់ក៏១១៤នាក់ដែរកាលពីឆ្នំា២០២១កន្លងទៅ ក្នុងនោះមាន៨២%ពាក់ពន្ធ័នឹងបទល្មើសជួញដូរគ្រឿងញៀន៕