ដោយមានការប្ដឹងផ្ដល់ពីប្រជាពលរដ្ឋពីបញ្ហាគីឡូភ្លើងឡើងខ្ពស់ខុសប្រក្រតី នៅថ្ងៃទី៨ ខែឧសភាឆ្នាំ២០២៣ ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន លោក យូ ហុង អនុប្រធាននាយកដ្ឋានកិច្ចការអ្នកប្រើប្រាស់ នៃអាជ្ញាធរអគ្គិសនីកម្ពុជា លោក សុខ ពិសី អភិបាលរងខេត្ត លោក សុខ សួន ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត លោក អភិបាលក្រុង ស្រុក លោកមេភូមិ ចៅសង្កាត់ តំណាងក្រុមហ៊ុនអគ្គីសនីទាំងពីរ ក្នុងខេត្តប៉ៃលិន បានជួបប្រជុំជាមួយប្រជាពលរដ្ឋ មកពីបណ្តាភូមិនានាក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ដែលមានបញ្ហាគីឡូភ្លើងឡើងខ្ពស់ខុសប្រក្រតី នៅក្នុងខែមេសា ឆ្នាំ២០២៣នេះ ដើម្បីធ្វើការដោះស្រាយរកមូលហេតុអោយបានច្បាស់ជូនប្រជាពលរដ្ឋ។
តាមការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋបានបញ្ជាក់ថា គីឡូភ្លើងរបស់ពួកគាត់កើនឡើងខ្ពស់ខ្លាំងណាស់សម្រាប់ខែមេសា ឆ្នាំ២០២៣នេះ គឺកើនលើសពីខែមុនៗ ពីរទៅបីដង ដែលធ្វើអោយពួកគាត់រងបន្ទុកធ្ងន់លើថ្លៃភ្លើងប្រើប្រាស់។ ប្រជាពលរដ្ឋបានបន្តថា ការប្រើប្រាស់របស់ពួកគាត់នៅដដែល គ្មានថែមឧបករណ៍ គ្មានថែមពេលម៉ោងប្រើប្រាស់ទេ តែផ្ទុយទៅវិញភ្លើងដាច់ញឹកញ៉ាប់ ហើយភ្លើងខ្សោយរហូតកន្លែងខ្លះភ្លើងបើកមិនចេញទៀតផង។
ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា លោកជំទាវ បាន ស្រីមុំ មានការខ្វល់ខ្វាយណាស់ចំពោះបញ្ហាគីឡូភ្លើងឡើងខ្លាំងរបស់ប្រជាពលរដ្ឋ ដែលធ្វើអោយប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង។ លោកជំទាវ ជាថ្នាក់ដឹកនាំ និងជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន មិនអនុញ្ញាតិអោយមានការគេងចំណេញពីសំណាក់ឈ្មួញ នាយទុន មកលើប្រជាពលរដ្ឋនោះឡើយ។ ដូច្នេះ ការប្រជុំនាពេលនេះ យើងនឹងរកអោយឃើញច្បាស់លាស់ពីមូលហេតុពិតប្រាកដ ដែលនាំអោយគីឡូ ភ្លើងឡើងខ្លាំង តាមរយៈការដោះគីឡូភ្លើងរបស់ប្រជាពលរដ្ឋដែលមានបញ្ហា មកពិនិត្យធ្វើតេស្តរកភាព សុក្រិតត្រឹមត្រូវរបស់គីឡូភ្លើង និងចុះដល់ផ្ទះរបស់ប្រជាពលរដ្ឋផ្ទាល់ ដើម្បីសិក្សាពីប្រព័ន្ធភ្លើងប្រើប្រាស់នៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋយើងផងដែរ។
លោក យូ ហុង អនុប្រធាននាយកដ្ឋានកិច្ចការអ្នកប្រើប្រាស់ នៃអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា មានមូលហេតុមួយចំនួនដែលធ្វើអោយគីឡូភ្លើងឡើងខ្ពស់ ដែលយើងត្រូវធ្វើការសិក្សាកែតម្រូវឡើងវិញ គឺទី១- គីឡូភ្លើងនោះបានខូច ដើរលឿនខុសប្រក្រតី ទី២-ឧបករណ៍អគ្គីសនីរបស់ប្រជាពលរដ្ឋខូច ឬដំណើរការមិនប្រក្រតី ទី៣-មានការឆ្លងចរន្តនៅចំណុចណាមួយនៃខ្សែចំលងរបស់ប្រជាពលរដ្ឋ ទី៤-ការរៀបចំតប្រព័ន្ធភ្លើងដែលមិនបានត្រឹមត្រូវ។ ដោយឡែក ការដាច់ភ្លើងញឹកញាប់ គឺបណ្តាលមកពីការបាក់រលំដើមឈើ ឬ ឧបទ្ទវហេតុណាមួយ ធ្វើអោយដាច់ខ្សែភ្លើង និងដោយសារ កុងហ្វូ ចែកចាយភ្លើងមានសមត្ថភាពទាប និងផ្តាច់ចរន្តនៅពេលមានការប្រើប្រាស់ច្រើន ហួសកំរិតសមត្ថភាពរបស់វា។ ដូច្នេះក្រុមហ៊ុនអគ្គីសនីត្រូវតែមានការកែសម្រួលបន្ថែមសមត្ថភាពអោយ កុងហ្វូ ចែកភ្លើងទាំងនោះឡើងវិញ។ លោកបានបន្តថា រាជរដ្ឋាភិបាលមានគោលនយោបាយអនុគ្រោះលើប្រជាពលរដ្ឋក្រីក្រ ប្រើប្រាស់ថាមពលតិចតួច ដោយរដ្ឋាភិបាលបានបញ្ចេញថវិកាមកបង្រ្គប់តម្លៃភ្លើង សម្រាប់ប្រជាពលរដ្ឋក្រីក្រ ដោយគិតតម្លៃត្រឹមតែ ៣៨០រៀល ចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់ថាមពលតិចជាង ១០គីឡូ ក្នុងមួយខែ។ គិតតម្លៃ៤៨០ រៀល សម្រាប់ប្រជាពលរដ្ឋដែលប្រើប្រាស់ថាមពលតិចជាង ៥០គីឡូ ក្នុងមួយខែ។ គិតតម្លៃ ៦១០រៀល សម្រាប់ប្រជាពលរដ្ឋដែលប្រើប្រាស់ថាមពលតិចជាង ២០០គីឡូ ក្នុងមួយខែ និងគិតតម្លៃ ៧៣០ រៀលសម្រាប់ប្រជាពលរដ្ឋដែលប្រើប្រាស់ថាមពលច្រើនជាង ២០០គីឡូ ក្នុងមួយខែ។
សូមបញ្ជាក់ថា ក្រោយពីបានដោះគីឡូភ្លើងរបស់ប្រជាពលរដ្ឋមកធ្វើតេស្ត រួចមក អាជ្ញាធរអគ្គីសនីកម្ពុជាបានអោយដឹងថា គីឡូភ្លើងរបស់ប្រជាពលរដ្ឋ មានភាពសុក្រឹតត្រឹមត្រូវ មិនមានអីខុសប្រក្រតីទេ និងបានស្នើដល់ក្រុមហ៊ុនអគ្គីសនី ត្រូវកែសម្រួលបន្ថែមសមត្ថភាព កុងហ្វូ ចែកភ្លើងអោយបានខ្ពស់ និងបញ្ជូនថាមពលអោយបានគ្រប់គ្រាន់ ជូនប្រជាពលរដ្ឋបានប្រើប្រាស់៕ ដោយ៖ វួច ពឿន AKP ប៉ៃលិន