នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន រសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ មានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ស្ថិតក្រោមអធិបតីភាព លោក ចេង ញ៉ាន់ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ដោយមានការចូលរួមពីមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន មន្ត្រីលេខាធិការរដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន តំណាងរដ្ឋបាលខេត្ត តំណាងស្នងការនគរបាលខេត្ត តំណាងកងរាជអាវុធហត្ថខេត្ត តំណាងប្រតិបត្តិការសឹករងខេត្ត តំណាងទីបញ្ជាការជួរមុខទិសទី៣ប៉ៃលិន-សំឡូត តំណាងមន្ទីរព័ត៌មាន តំណាង រដ្ឋបាលក្រុង ស្រុក តំណាងអធិការដ្ឋាននគរបាលក្រុង ស្រុក តំណាងក្រុមប្រឹក្សាឃុំ សង្កាត់ តំណាងគណបក្សនយោបាយ តំណាងសមាគម អង្គការក្រៅរដ្ឋាភិបាល ស្មានឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធផងដែរ។
ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល លោក គង់ ជឺ អនុប្រធាន គណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានមានប្រសាសន៍បញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្ដាលនេះឡើងគឺដើម្បីពង្រឹងសមត្ថភាព ដល់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាឱ្យដំណើការការបោះឆ្នោត ប្រព្រឹត្តទៅស្របតាមច្បាប់ បទបញ្ជាផ្ទៃក្នុង បទបញ្ជា និង នីតិវិធី និងសេចក្តីណែនាំនានា សំដៅធ្វើឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយ ត្រឹមត្រូវ សេរី យុត្តិធម៌ គ្មានអំពើហឹង្សា ការគម្រាមគំហែងផ្សេងៗ ទៅលើគណបក្សនយោបាយ ឬបេក្ខជនគណបក្សនយោបាយដែលត្រូវចូលរួមប្រកួតប្រជែង សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។
លោក ចេង ញ៉ាន់ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារសំខាន់ ជាពិសេសសម្រាប់គណបក្សនយោបាយ ដែលក្នុងនោះត្រូវទទួលបន្ទុកបណ្តុះបណ្តាលបន្តសម្រាប់សកម្មជន ឬឃោសនិករបស់ខ្លួន ដើម្បីឱ្យយល់ច្បាស់ អំពីរបៀបនៃការឃោសនា របៀបការស្នើសុំសម្រាប់ការដាក់ប្រតិទិនឃោសនានៅ គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត និងនៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ សង្កាត់ ឱ្យបានត្រឹមត្រូវស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ហើយក៏បញ្ចៀសបាននូវការ រំលោភបំពានច្បាប់ក្នុងអំឡុងពេលឃោសនាបោះឆ្នោតនេះ។ លោកប្រធាន បានមានប្រសាសន៍បន្តថា ការឃោសនាបោះឆ្នោត ជាដំណាក់កាលមួយក្នុងចំណោមដំណាក់កាលសំខាន់ៗចំនួន៤ នៃការរៀបចំការបោះឆ្នោត ក្នុងនោះ រួមមាន៖១. ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ២- ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ៣- ការឃោសនាបោះឆ្នោត ៤- ការបោះឆ្នោត រាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។
ក្នុងឱកាសនោះលោក ចេង ញ៉ាន់ ក៏បានស្នើសុំឱ្យ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលជាភ្នាក់ងារសន្តិសុខសម្រាប់ការបោះឆ្នោត ក៏ត្រូវបើកវគ្គបណ្តុះបណ្តាលបន្តជូនកងកម្លាំង ជាពិសេសក្នុងនោះក្រមសីលធម៌សម្រាប់សិន្តិសុខបោះឆ្នោត ដែលកម្លាំងទាំងអស់ត្រូវបានទទួលខុសត្រូវក្នុងការការពារនៅតាមគោលដៅសំខាន់ៗរួមមានការពារហែក្បួន ព្យួហយាត្រា ឬដោយថ្មើរជើង និងការជួបជុំ របស់គណបក្សនយោនយោបាយដែលមានការស្នើសុំ ការពារនៅ តាមទីតាំងបំពេញការងាររបស់មន្ត្រីរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ខេត្ត ថ្នាក់ឃុំ សង្កាត់ និង នៅទីតាំងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ លោកក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធ គោរពច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោតដូចខាងក្រោម៖
១-គ្រប់បេក្ខជននិងគណបក្សនយោបាយទាំងអស់ត្រូវ ប្រកាន់ អាកប្បកិរិយាថ្លៃថ្នូរ ២-គ្រប់គណបក្សនយោបាយ ឬ បេក្ខជន ឬតំណាងទាំងអស់ មិនត្រូវបង្គាប់បញ្ជាឱ្យអ្នកគាំទ្ររបស់ខ្លួនទៅហែកឬបំផ្លាញចោល សម្ភារៈ ឯកសារឃោសនារបស់គណបក្សនយោបាយ ឬនិងបេក្ខជនដទៃ ឡើយ ៣-គ្រប់គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងទាំងអស់ ត្រូវចៀសវាងប្រព្រឹត្តអំពើគំរាមកំហែង ឬបំភិតបំភ័យ ឬអំពើ ហិង្សាទៅលើប្រជាពលរដ្ឋ ទៅលើគណបក្សនយោបាយ ឬនិង បេក្ខជនដទៃឡើយ ៤-គ្រប់គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងទាំងអស់ មិនត្រូវញុះញ៉ង់អ្នកគាំទ្រ ឬអ្នកបោះឆ្នោតឱ្យប្រព្រឹត្តអំពើរំលោភបំពាន គំរាមកំហែង អំពើហិង្សា ឬបំភិតបំភ័យទៅលើបុគ្គល ឬគណបក្សនយោបាយដទៃឡើយ៥-គ្រប់គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងទាំងអស់ មិនត្រូវនិយាយដោយផ្ទាល់មាត់ ឬដោយប្រយោល ឬសរសេរ ជាលាយលក្ខណ៍អក្សរក្នុងន័យអសីលធម៌ ប្រមាថ មាក់ងាយទៅលើ បេក្ខជន ឬអ្នកគាំទ្រ ឬលើបុគ្គលណាម្នាក់ឡើយ ៦-គ្រប់គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងទាំង អស់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបាននូវក្រមសីលធម៌ បទបញ្ជា នីតិវិធីនៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៧ឆ្នាំ២០២៣ ដើម្បីធានាបាននូវបរិយាកាសល្អ ក្នុងដំណាក់កាល នៃការ ឃោសនាបោះឆ្នោត និងដំណាក់កាលបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា៖ វគ្គបណ្ដុះបណ្ដាលត្រូវបានបញ្ចប់ក្នុងរយៈពេល១ថ្ងៃ ក្រោមប្រធានបទសំខាន់ៗចំនួន៥ដូចជា៖
១-ប្បញ្ញត្តិទូទៅនៃការឃោសនាបោះឆ្នោត ២-សម្ភារៈអប់រំអ្នកបោះឆ្នោត រូបភាពនិងសម្ភារៈឃោសនា ផ្សព្វផ្សាយ ៣-ភារកិច្ចនិងកាតព្វកិច្ចរបស់ប្រព័ន្ធផ្សព្វផ្សាយ ៤-ការដាក់និងទទួលពាក្យបណ្ដឹង ៥-ករណីសិក្សាពាក់ព័ន្ធការដាក់ ការទទួលពាក្យបណ្តឹង នៅ គឃ/សប និងនៅ គធ/ខប៕ អត្ថបទ៖ លោក សុទ្ធ វ៉ាន់សៀម