ក្នុងពិធីបុណ្យវិសាខបូជានៅវត្តប៉ាហ៊ី នាព្រឹកថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៣ លោក ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថាៈពិធីបុណ្យជាតិធំៗ ធ្វើទៅបានដោយសារប្រទេសយើងមានសន្តិភាព បើគ្មានសុខសន្តិភាពទេគឺច្បាស់ជាមិនអាចមានពិធីបុណ្យដ៏ធំសម្បើមបែបនេះកើតឡើងទៅបានដែរ ហើយសន្តិភាពកើតឡើងដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ការថ្លែងបែបនេះរបស់លោកអភិបាលរងខេត្តក្នុងពិធីបុណ្យវិសាខបូជា នៅវត្តប៉ាហ៊ី ដែលស្ថិតនៅភូមិ ប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
លោកអភិបាលរងខេត្តបានលើកឡើងផងដែរថា៖ បច្ចុប្បន្នក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំអភិវឌ្ឍន៍ខេត្តប៉ៃលិនយើងមានកេរ្តិ៍ឈ្មោះល្បីសុះសាយរីកមុខរីកមាត់ជាខ្លាំងលើសោភ័ណភាពទីក្រុងស្អាត និងទេសចរណ៍ស្អាត ហើយជាពិសេសជាមួយគ្នានោះលោកជំទាវអភិបាលខេត្តក៏បានរៀបចំកែលម្អតំបន់ ប្រវត្តិសាស្ត្រនៅជើងភ្នំយ៉ាតអោយមានភាពស្រស់ស្អាតនិងទាក់ទាញខ្លាំងផងដែរសព្វថ្ងៃនេះ។
លោក ម៉ើង លីដា បានមានប្រសាសន៍បន្តថា៖ ថ្ងៃនេះបងប្អូនពុទ្ធបរិស័ទ បានធ្វើបុណ្យប្រកបដោយសទ្ធាជ្រះថ្លារួមគ្នា ដោយសារយើងមានសុខសន្តិភាពទើបយើងបានធ្វើបុណ្យប្រកបដោយភាពសប្បាយរីករាយធ្វើបុណ្យដោយចិត្តជ្រះថ្លា ហើយបុណ្យវិសាខបូជានេះគឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតក្នុងចំណោមបុណ្យសាសនាជាច្រើនទៀតពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំលឹកនឹកដល់ព្រឹត្តិការណ៍ធំៗបីនៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោត្តម គឺជាថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ជាមួយគ្នានោះលោក ម៉ើង លីដា អភិបាលរងខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា សន្តិភាព ដើម្បីបន្តឱ្យសង្គមជាតិមានការរីកចម្រើន និងអោយប្រជាពលរដ្ឋមានឱកាសពេញលេញប្រារព្ធធ្វើបុណ្យវិសាខបូជា និង ពិធីបុណ្យសាសនាជាច្រើនទៀត។
ព្រះគ្រូរតនមុនី អៀ សុផន ព្រះមេគណខេត្តប៉ៃលិន មានសង្ឃដីកាឱ្យដឹងថា៖ ពិធីបុណ្យវិសាខបូជា ប្រារព្ធធ្វើឡើង គឺដើម្បីគោរពរំឭកនឹកគុណដល់សម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោត្តម ដែលព្រះអង្គទ្រង់ប្រសូត្រ ទ្រង់បានត្រាស់ដឹង និងចូលបរិនិព្វាន នៅចំថ្ងៃខែដូចគ្នាពោលគឺថ្ងៃទ្រង់ប្រសូត្រ ថ្ងៃទ្រង់ត្រាស់ដឹង និងថ្ងៃទ្រង់ចូលបរិនិព្វានគឺនៅចំថ្ងៃ១៥កើត ខែពេញបូណ៌មី មានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នាខុសតែឆ្នាំប៉ុណ្ណោះ ដែលពិធីបុណ្យនេះជាបុណ្យសាសនាដ៏មានសារៈសំខាន់សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាយើងគ្រប់គ្នា។
គួរបញ្ជាក់ផងដែរថាៈ ក្នុងពិធីបុណ្យវិសាខបូជានៅវត្តប៉ាហ៊ីនេះក៏មានការដង្ហែបុណ្យវិសាខបូជានិងការរាប់បាត្រព្រះសង្ឃចំនួន ១០៩អង្គ ផងដែរ។