ប៉ៃលិន៖ នៅសាលាបឋមសិក្សាទំនប់ ហៅកាត់ថា SCCFA ប៉ៃលិន ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារ មូលនីធិសង្គ្រោះកុមារកម្ពុជា-អូស្រ្តាលី បានធ្វើពិធីបង្សុកូលតាមបែបព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញានក្ខ័ន្ធលោក ថំ អូឃីហ្វ ជាសប្បុរសជនចូលរួមកសាងសាលា SCCFA ប៉ៃលិន ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ។
លោកស្រី ប៊ុន ឡឺវីសេដា ស្ថាបនិកមូលនីធិសង្គ្រោះកុមារកម្ពុជា-អូស្រ្តាលី បានមានប្រសាសន៍លើកឡើងថា៖ លោកតាថំ អូឃីហ្វ បានចំណាយពេលជាង ១០ឆ្នាំ រួមទាំងឧបត្ថម្ភថវិកាជួយផ្ចុងផ្ដើម ក្នុងការកសាង សាលាបឋមសិក្សាទំនប់ ហៅកាត់ថា SCCFA ប៉ៃលិន រហូតលេចឡើងនូវសមិទ្ធផលជាច្រើន សម្រាប់បម្រើដល់វិស័យអប់រំ ក្នុងខេត្តប៉ៃលិន ដូច្នេះឈ្មោះរបស់លោកតានឹងចារនៅលើថ្មម៉ាប នៅក្នុងសាលា ដើម្បីជាការរំឮកដល់គុណបំណាច់ ដែលបានជួយកូនខ្មែរនៅតាមតំបន់ជនបទដាច់ស្រយ៉ាល នៅក្នុងប្រទេសកម្ពុជា ។
លោកស្រី បានមានប្រសាសន៍បញ្ជាក់ថា៖ ៖ លោកតាថំ អូឃីហ្វ គាត់មានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាមួយប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ដោយបានផ្តាំថា ពេលដែលលោកតាអនិច្ចកម្មទៅ ត្រូវយកធាតុរបស់គាត់មួយចំណែក មកដាក់នៅគុម្ភផ្កា ដែលគាត់ និងភរិយាបានដាំនៅក្នុង សាលា SCCFA ប៉ៃលិន ហើយបើមានជាតិក្រោយមែន គាត់នឹងសុំកើតជាប្រជាពលរដ្ឋខ្មែរ ។
លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាលបាលសិស្ស បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែង ចំពោះមរណៈភាពរបស់លោកតា ថំ អូឃីហ្វ ដែលជាសប្បុរសជនមានបេះដូងមនុស្សធម៌ ព្រមទាំងបានចងចាំនូវគុណបំណាច់របស់លោកតា នៅក្នុងក្រអៅបេះដូងជានិច្ចនិរន្តន៍ និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធលោកតា ធ្វើដំណើរទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ ។
អត្ថបទ៖ លោក ញ៉ឹប បូរី