(ប៉ៃលិន)៖ ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឌឹន គឹម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន អញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីប្រវត្តិចលនា គោលការណ៍គ្រឹះ កាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្ក្រោះបឋម ជូនដល់សិក្ខាកាមអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចំនួន២៧នាក់ នៅស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ។ពិធីនេះមានការអញ្ជើញចូលរួមពីលោកស្រី នួន រមណី មន្ត្រីកម្មវិធី នៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងបងប្អូនអ្នកស្ម័គ្រចិត្ត ដែលអញ្ជើញមកពីបណ្តាឃុំ/សង្កាត់នានាក្នុងខេត្តប៉ៃលិន សរុប៣៥នាក់។
ឆ្លៀតក្នុងឪកាសនោះដែរឯកឧត្តម ឌឹន គឹម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខរបស់លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ជាពិសេសប្រសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ដល់បងប្អូនអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដែលបានលះបង់ពេលវេលា ក្នុងការចូលរួមជាមួយចលនាមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា សំដៅជួយរំលែកនូវទុក្ខលំបាក របស់ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយប្រការផ្សេង ។ ជាមួយគ្នានេះឯកឧត្តមនាយក ក៍បានគូសបញ្ជាក់ពីគោលបំណងនៃការបើកវគ្គនេះ គឺ ដើម្បីពង្រឹង និងពង្រីកកម្លាំងមនុស្សធម៌ ក្នុងនោះឱ្យអ្នកស្ម័គ្រចិត្តកាកបាទក្រហមយើងបានយល់ដឹងស៊ីជម្រៅ ពីចលនាកាកបាទក្រហម តួនាទីភារកិច្ចរបស់ខ្លួន និងវិជ្ជាសង្គ្រោះបឋមដែលជាមុខវិជ្ជាមួយ អាចជួយសង្គ្រោះ ឫកាត់បន្ថយការឈឺចាប់ របស់ជនរងគ្រោះ ដោយគ្រោះថ្នាក់ផ្សេងៗ បានមុនឡានពេទ្យ ឫក្រុមគ្រូពេទ្យមកដល់ ។ ឯកឧត្តម ឌឹន គឹម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះ និងទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងដំណើរការបានយ៉ាងរលូន តាមការរំពឹងទុក ។ជាមួយគ្នានេះឯកឧត្តម នាយក ក៍បានផ្តាំផ្ញើរ ដល់បងប្អូនសិក្ខាកាមទាំងអស់ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលអញ្ជើញមកពីភូមិ/ឃុំ មូលដ្ឋានក្នុងខេត្តប៉ៃលិន សូមយកចិត្តទុកដាក់ ចូលរួមត្រងត្រាប់ស្តាប់ និងកត់ត្រានូវមេរៀនសំខាន់ៗ ដែលអ្នកសម្របសម្រួលធ្វើបទបង្ហាញ ដើម្បីចាប់យកខ្លឹមសារល្អៗ និងជំនាញល្អៗ សម្រាប់ប្រើប្រាសក្នុងការចូលរួមបំពេញបេសកកម្មមនុស្សធម៌ នៅតាមសហគមន៍ ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត បន្តទៀតផងដែរ។
សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះ ស្តីពីប្រវត្តិចលនា គោលការណ៍គ្រឹះ កាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្ក្រោះបឋម មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ផងដែរ៕អត្ថបទ សេង សុវណ្ណារិទ្ធ