អង់គ្លេស៖ ចក្រភពអង់គ្លេស នៅថ្ងៃអង្គារនេះ បានចាប់ផ្តើមជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសស៊ូដង់ជាលក្ខណៈទ្រង់ទ្រាយធំ ដោយចូលរួមជាមួយប្រទេសដទៃផ្សេងទៀត ដែលកំពុងដុតដៃដុតជើងដើម្បីនាំយកប្រជាជនរបស់ពួកគេចេញពីប្រទេសស្ថិតនៅតំបន់អាហ្រ្វិកខាងជើងមួយនេះ ក្រោយភាគីជម្លោះទាំងអស់នៅក្នុងសង្រ្គាមស៊ីវិលបានយល់ព្រមបទឈប់បាញ់ក្នុងរយៈពេល ៧២ ម៉ោង។ ស្ថិតនៅឯមជ្ឈមណ្ឌលសម្របសម្រួលវិបត្តិនៅក្នុងការិយាល័យអភិវឌ្ឍន៍រដ្ឋសហធនបរទេស នាយករដ្ឋមន្ត្រីអង់គ្លេស លោករីស៊ីស៊ូណាក់ (Rishi Sunak) បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ឥឡូវនេះ យើងមានប្រតិបត្តិការមួយកំពុងដំណើរការ ដើម្បីជម្លៀសប្រជាជននៃចក្រភពអង់គ្លេស។ ក្នុងនោះ ជើងហោះហើរទីមួយបានចាកចេញរួចរាល់ហើយ បន្ទាប់មក ជើងហោះហើរជាច្រើនទៀត នឹងចាកចេញនៅល្ងាចនេះ និងថ្ងៃស្អែក។ លោកបានលើកឡើងជាបន្តថា ខណៈនេះ សន្តិសុខនៅក្នុងប្រទេសស៊ូដង់មិនមានភាពស្ថិតស្ថេរនោះទេ ហើយយើងកំពុងទាញយកប្រយោជន៍ពីស្ថានភាពនេះ ប្រយោជន៍នោះគឺ អាចជម្លៀសប្រជាជនដោយសុវត្ថិភាពអំឡុងបទឈប់បាញ់ជាបណ្តោះអាសន្ន ពោលគឺរដ្ឋាភិបាលអង់គ្លេសក៏កំពុងរិះរកគ្រប់វិធី និងធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីអាចជម្លៀសប្រជាជនចេញពីប្រទេសស៊ូដង រួមមានទាំងការប្រើប្រាស់កំពង់ផែស៊ូដង់ផងដែរ ។ ទន្ទឹមគ្នានេះដែរ ការិយាល័យអភិវឌ្ឍន៍រដ្ឋសហធនបរទេស បានព្រមានថា ជនជាតិនៃចក្រភពអង់គ្លេសមិនគួរធ្វើដំណើរទៅកាន់អាកាសយានដ្ឋានដោយឯងៗនោះទេ ត្រូវរងចាំការជូនដំណឹងជាមុនសិន ព្រោះតែស្ថានភាពមិនច្បាស់លាស់នៅស៊ូដង់ ។ គេប៉ាន់ប្រមាណថា ជនជាតិនីមួយៗរបស់ចក្រភពអង់គ្លេសប្រហែលជា ៤,០០០នាក់ ស្ថិតនៅក្នុងប្រទេសស៊ូដង់ បាននិយាយថា យន្តហោះយោធា នឹងធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានស្ថិតនៅខាងក្រៅរដ្ឋធានីខាធូម (Khartoum) ដោយបើកចំហរទទួលយកជនភៀសខ្លួនដែលមានលិខិតឆ្លងដែនរបស់ចក្រភពអង់គ្លេស និងផ្តល់អាទិភាពសម្រាប់ក្រុមគ្រួសារដែលមានក្មេងៗ មនុស្សចាស់ និងបុគ្គលដែលមានតម្រូវការខាងផ្នែកវេជ្ជសាស្ត្រ។ ជាមួយគ្នានេះ អ្នកនាំពាក្យរបស់លោកស៊ូណាក់ បានអះអាងថា ជើងហោះហើរទាំងអស់នឹងបន្តហោះហើរចេញពីប្រទេសស៊ូដង់ឱ្យយូរបំផុតតាមតែអាចធ្វើទៅបាន ហើយគេនឹងនាំយកប្រជាជនរបស់ចក្រភពអង់គ្លេសទៅកាន់ប្រទេសសាយប្រឺស (Cyprus) ក្រោមការសម្របសម្រួលពីរដ្ឋាភិបាលប្រទេសនេះ សម្រាប់ការធ្វើដំណើរបន្តទៅកាន់ចក្រភពអង់គ្លេស ។ បន្ថែមពីនេះ ប្រទេសសាយប្រឺស (Cyprus) ដែលជាអតីតដែនដីអាណានិគម និងជាកន្លែងសម្រាប់តាំងមូលដ្ឋានទ័ពរបស់អង់គ្លេសដ៏ធំចំនួនពីរ បានឱ្យដឹងថា ខ្លួនបានដំណើរការយន្តហោះសម្រាប់ការសង្គ្រោះមនុស្សធម៌ តាមការស្នើសុំរបស់អង់គ្លេស និងរៀបចំកន្លែងទទួលភ្ញៀវអំឡុងការជម្លៀសជនស៊ីវិលមកពីប្រទេសទី៣។ ដោយឡែក កងកម្លាំងប្រដាប់អាវុធរបស់អង់គ្លេសបានជម្លៀសបុគ្គលិកការទូត និងសមាជិកគ្រួសាររបស់ពួកគេចេញពីប្រទេសស៊ូដង់រួចរាល់ហើយ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ៕