ប៉ៃលិន៖ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ០១ខ្សែរ ប្រវែងជាង ៥០០ម៉ែត្រ នៅភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលទើបផ្ទេរការគ្រប់គ្រង់ពីខេត្តបាត់ដំបង នាពេលថ្មីៗនេះ ។
ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមមាគ៌ាដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រោមគោលនយោបាយឈ្នះៗ បានធ្វើឱ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាពពេញផ្ទៃប្រទេស ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅគគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធាឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
ឯកឧត្តមប្រធាន បានមានប្រសាសន៍បញ្ជាក់ថា៖ ផ្លូវថ្នល់ពិតជាមានសារៈសំខាន់ណាស់ ទាំងផ្នែកសេដ្ឋកិច្ច ផ្នែកទេសចរណ៍ និងបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយបន្ទាប់ពីស្ថាបនារួចរាល់ គឺផ្លូវនេះនឹងអាចសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលនានាទៅកាន់ទីផ្សារ ឱ្យមានភាពកាន់តែងាយស្រួល ជាពិសេសសម្រួលដល់សិស្សានុសិស្សបានធ្វើដំណើរទៅសិក្សារៀនសូត្របានទាន់ពេលវេលា ហើយបច្ចុប្បន្ននេះ អាជ្ញាធរខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ និងកែរលម្អសោភ័ណភាពនៅក្នុងខេត្តយ៉ាងសស្រាក់សស្រាំ ដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែរលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ ការសម្អាតអនាម័យបរិស្ថាន នៅតាមទីសាធារណៈ និងតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍នានា ដើម្បីឲ្យខេត្តប៉ៃលិនប្រែក្លាយ ជាខេត្តមួយ មានការរីកចម្រើន និងមានទេសភាពស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរណ៍ សម្រាប់ថ្ងៃអនាគតផងដែរ ។
នៅក្នុងឱកាសនោះផងដែរ អ៊ី ឈាន ក៍បានមានប្រសាសន៍សំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ពិសេសផ្លូវថ្នល់នេះតែម្តង ព្រោះថាការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវចំណាយថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក្នុងនោះប្រជាពលរដ្ឋដែលនៅរស់នៅសងខាងផ្លូវនេះ មេត្តាយោគយល់ និងអធ្យាស្រ័យ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស ដើម្បីឱ្យសមិទ្ធផលថ្មីនេះ សម្រេចបានទៅតាមការគ្រោងទុក និងឆាប់បានប្រើប្រាស់ទាំងអស់គ្នា ។
បើតាមរបាយការណ៍របស់ លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ បានឱ្យដឹងថា៖ ផ្លូវបេតុង ១ខ្សែរ ដែលបើកការដ្ឋានស្ថាបនានាពេលនេះ គឺមានបណ្ដោយប្រវែង ៥៣៦ម៉ែត្រ ទទឹងប្រវែង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ នឹងត្រូវចំណាយថវិកាប្រមាណ ២៩០,៤២០,០០០រៀល ដែលជាថវិកាផ្ទាល់របស់ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ។
អត្ថបទ៖ លោក ញ៉ឹប បូរី