ប៉ៃលិន៖ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ដែលរដ្ឋបាលខេត្ត បានរៀបចំសង្រ្កាន្តប៉ៃលិន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំថោះបញ្ចស័កព.ស២៥៦៧គ.ស ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៣៩៦,០៥៥នាក់ កើនឡើង ១៦៧.៦៦% ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ៣៨៧,៨០៥នាក់ ភ្ញៀវទេសចរអន្តរជាតិចំនួន ៨.២៥០នាក់ បានដើរលេងកម្សាន្ត នៅតាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានា ក្នុងខេត្តប៉ៃលិន ជាពិសេសកន្លែងប្រារព្ធពិធីសង្រ្កាន្តនៅបរិវេណវិមានឯករាជ្យខេត្ត និងភូមិ សសយក ស្ទឹងតារៀប នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន។
លោក លឹម វាសនា បានបន្តថា៖ ចំនួនភ្ញៀវទេសចរមានការហក់ឡើងខ្លាំងបែបនេះ គឺដោយសារកត្តាសុខសន្តិភាព កត្តាហេដ្ឋារចនាសម្ព័ន្ធ មានការតភ្ជាប់បានល្អ ជាពិសេសរួមផ្សំនឹងការគិតគូរយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានរៀបចំរចនាសម្ព័ន្ធនានា ក្នុងខេត្តបានល្អ និងរៀបចំឱ្យមានព្រឹត្តិការណ៍ «សង្ក្រាន្តប៉ៃលិន ២០២៣»រយៈពេល៣ថ្ងៃ ផងនោះ ទើបមានលំហូរភ្ញៀវទេសចរចូលមកកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីមានការហក់ឡើងគួរជាទីមោទនៈ។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា៖ រយៈពេល៣ថ្ងៃនេះ ប្រជាពលរដ្ឋក្នុងខេត្តក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ពួកគាត់ពិតជាមានការសប្បាយរីករាយជាមួយនឹងការរាំលេងកម្សាន្ត,លេងល្បែងប្រជាប្រិយ, ល្បែងកម្សាន្តផ្សេងៗជាច្រើនដូចជាប៉ាតម្សៅ, លេងបាញ់ទឹកនិងបាញ់ពពុះទឹកគួរឱ្យទាក់ទាញ និងពេញនិយមពីមនុស្សរាប់ម៉ឺននាក់ចូលរួមលេងកម្សាន្តសប្បាយយ៉ាងត្រជាក់ចិត្តក្នុងមួយថ្ងៃៗ ជាមួយគ្នានោះដែរថ្នាក់ដឹកនាំខេត្ត ក៏បានចូលរួមលេងល្បែងប្រជាប្រិយជាមួយបងប្អូនប្រជាពលរដ្ឋ និងរាំលេងកម្សាន្តប្រកបដោយទឹកមុខសប្បាយរីករាយក្រៃលែងក្រោមម្លប់សន្តិភាព និងមានការអភិវឌ្ឍន៍ដែលធ្វើឱ្យប្រជាពលរដ្ឋមានភាពជឿជាក់៕
អត្ថបទ៖ លោក ញ៉ឹប បូរី