ទឹកធ្លាក់ភ្នំត្បែង ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិបេងកោង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ដែលមានចំងាយប្រមាណជា ១៥គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ តំបន់ភ្នំត្បែង ខេត្តព្រះវិហារ។
ទឹកធ្លាក់នេះ មានកម្ពស់ប្រមាណជិត ៣០ ម៉ែត្រ និងហូរជម្រាលជាច្រើនតំណាក់ ផ្ដល់បរិយាកាសគួរឲ្យគយគន់ និងងូតទឹកលេងក្រោមសម្រស់ធម្មជាតិនៃព្រៃព្រឹក្សាស្រោបស្ទើរជុំជិតយ៉ាងត្រជាក់ល្ហឹម៕ ដើម្បីឡើងទៅដល់ទឹកធ្លាក់នេះ យើងត្រូវដើរឡើងជណ្តើរ១ ៣៤៥ កាំ ដោយឆ្លងកាត់អារាមភ្នំត្បែង ឬវត្ដដំបូកខ្មៅ ប្រមាណ ១ គីឡូម៉ែត្រ។
ទឹកធ្លាក់ភ្នំត្បែងពិតជាមានធនធានធម្មជាតិ ដ៏ស្រស់អស្ចារ្យ ដែលភ្ញៀវទេសចរទាំងឡាយកម្របានឃើញណាស់ ហើយអាជ្ញាធរខេត្ត និង ស្ថាប័នពាក់ព័ន្ធមួយចំនួនបានប្រែក្លាយទីនោះ ឱ្យទៅជាតំបន់ទេសចរណ៍ ដ៏ពេញនិយមមួយ ដែលជាឋានសួគ៌របស់ភ្ញៀវទេសចរ ក្នុងនោះ ទឹកធ្លាក់ចក្រវិល ក៏ជាចំណុចទាក់ទាញបំផុត ដែលគេមិនអាចមើលរំលងបានឡើយ៕