ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមេសានេះបានចេញប្រកាសព័ត៌មាន ដោយអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ការពារសុខភាព ក្នុងអំឡុងពេលអាកាសធាតុក្តៅ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ស្ថានភាពនៃការប្រែប្រួលអាកាសធាតុ បណ្តាលឱ្យមានអាកាសធាតុក្តៅខ្លាំង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ និងនៅលើសាកលលោក។
បើយោងតាមឯកសាររបស់អង្គការសុខភាពពិភពលោក ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា យ៉ាងហោចណាស់ក៏មានមនុស្ស ១៥០០០នាក់ ត្រូវបានស្លាប់ ដោយសារអាកាសធាតុក្តៅពេកនៅអឺរ៉ុប នៅក្នុងឆ្នាំ២០២២កន្លងទៅនេះ។ តែបើយោងតាមការចុះផ្សាយរបស់ឡង់សេត (The Lancet) បានបង្ហាញថា មានមនុស្សប្រមាណជាង ៣៥៦ ០០០នាក់ បានស្លាប់ដោយសារកំដៅថ្ងៃក្តៅខ្លាំងពេក នៅក្នុងបណ្តាប្រទេសចំនួន ៩ នៅក្នុងឆ្នាំ២០១៩ ដែលចំនួននេះនឹងកើនឡើងនៅទូទាំងសាកលលោកផងដែរ។ ដូច្នេះកំដៅក្ដៅខ្លាំងពេក ធ្វើឱ្យប៉ះពាល់សុខភាពលោកអ្នក ធ្វើឱ្យឈឺ និងអាចស្លាប់បាន។
បុគ្គលអាចធ្លាក់ខ្លួនឈឺ ដោយសារទទួលរងនូវកំដៅខ្លាំងពេក ប្រសិនបើរាងកាយអ្នកមិនអាចទប់ទល់បាន និងប្រសិនបើអ្នកមិនបានធ្វើឱ្យខ្លួនប្រាណអ្នកត្រជាក់បានត្រឹមត្រូវទាន់ពេលវេលាទេនោះ។ ចំណុចសំខាន់ៗ ដែលប៉ះពាល់ដល់សមត្ថភាពរាងកាយ របស់អ្នកក្នុងការធ្វើឱ្យខ្លួនអ្នកត្រជាក់ក្នុ ងអំឡុងពេលអាកាសធាតុក្ដៅខ្លាំង គឺនៅពេលមានកំដៅខ្លាំងបណ្ដាលឱ្យអ្នកបែកញើសច្រើន នឹងមិនរំហួតលឿននោះទេ នេះមានន័យថា កំដៅរារាំងរាងកាយរបស់អ្នក ពីការបញ្ចេញកំដៅឱ្យបានលឿន តាមដែលវាត្រូវការ ហើយក៏មានកត្តាបុគ្គលផ្ទាល់ខ្លួនរួមផ្សំជាមួយដែរ គឺបុគ្គលដែលមានអាយុតិច និងមនុស្សចាស់ បុគ្គលដែលធាត់ គ្រុនក្តៅ ខ្សោះជាតិទឹក ជំងឺបេះដូង ជំងឺផ្លូវចិត្ត ឈាមរត់មិនល្អ ការរលាកស្បែក និង ការប្រើប្រាស់គ្រឿងស្រវឹង។
សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាជន ដែលរស់នៅតាមតំបន់ដែលមានអាកាសធាតុក្តៅខ្លាំង សូមចូលរួមថែរក្សាសុខភាពផ្ទាល់ខ្លួន ដោយត្រូវអនុវត្តដោយប្រុងប្រយ័ត្ន ក្នុងការកាត់បន្ថយហានិភ័យសុខភាព ដែលអាចកើតមានដោយសារការទទួលរងនូវកំដៅក្ដៅខ្លាំងមានដូចជា៖ បែកញើសខ្លាំងពេកខុសពីធម្មតា ការហត់នឿយដោយសារកំដៅក្ដៅខ្លាំង ឈឺរមួលសាច់ដុំ អស់កម្លាំងខ្លាំង ចង្អោរ និង/ឬក្អួត វិលមុខ និង/ឬឈឺក្បាល ដួលសន្លប់ ជីពចរដើរលឿនហើយខ្សោយ និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម៕