(ប៉ៃលិន)៖ អនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមើលឃើញពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី ៦-៧ ខែមេសា ឆ្នាំ២០២៣នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ ពិនិត្យពីស្ថានភាពរស់នៅ និងនាំយកប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ និងគ្រួសារយោធិនជួបការលំបាកចំនួន ១៦៩គ្រួសារ រស់នៅក្រុងប៉ៃលិន និងស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន ដែលក្នុងគ្រួសារនីមួយៗ ទទួលបានថវិកាចំនួន ១លានរៀល សម្រាប់យកទៅពង្រីកមុខរបរកសិកម្ម លក់ដូរ និងចិញ្ចឹមសត្វ។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសលើកទឹកចិត្តឱ្យបងប្អូនបន្តខិតខំពង្រីកមុខរបរ ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។
លោកស្រីបានលើកឡើងថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងស្ថានភាពដ៏លំបាក ដោយសារផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ វិបត្តិនៃសង្គ្រាមរុស្សី-អ៊ុយក្រែន ក៏ដូចជាផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ។ ហេតុដូចនេះហើយក្នុងការគិតគូររបស់កាកបាទក្រហមកម្ពុជា ក្រៅពីការចែកអំណោយជាស្បៀងអាហារ-សម្ភារៈ នោះគឺ ការផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ដើម្បីបងប្អូនប្រជាពលរដ្ឋអាចពង្រីកមុខរបររបស់ខ្លួន ធ្វើឱ្យជីវភាពគ្រួសារមានការរីកចម្រើន»។
ជាមួយគ្នានេះ លោកស្រីបានគូសបញ្ជាក់ថា ថវិកាដែលផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ គឺបានមកពីសប្បុរសជន ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា។ ដូច្នេះ គោលការណ៍នៃការស្នើសុំប្រាក់កម្ចីនេះ តម្រូវឱ្យបងប្អូនបង្វិលសងវិញ ដើម្បីកាកបាទក្រហមកម្ពុជា អាចយកថវិកាដែលបង្វិលបាននេះ ទៅជួយដល់បងប្អូនប្រជាពលរដ្ឋផ្សេងទៀត ដែលនេះជាស្មារតីវប្បធម៌នៃការចែករំលែក ក្នុងនាមខ្មែរជួយខ្មែរ ខ្មែរកាន់តែរីកចម្រើន។
ថ្លែងក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការរងទី១ ក៏បានផ្តាំផ្ញើជូនដល់ប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ត្រូវរស់នៅមានអនាម័យ ពិសាទឹកឆ្អិន ជាពិសេសត្រូវឧស្សាហ៍ក្នុងការដាំដំណាំបន្លែគ្រួសារ ដើម្បីលើកកម្ពស់សុវត្ថិភាពអាហារ និងជីវភាពគ្រួសារ ដូចពាក្យចាស់ពោលថា «រពឹសដៃ ផ្ទៃឆ្អែត»។ ទន្ទឹមនឹងនេះ ត្រូវមានស្មារតីប្រុងប្រយ័ត្នរាល់ពេលធ្វើដំណើរ ដោយត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ហើយត្រូវប្រុងប្រយ័ត្នពីគ្រោះថ្នាក់ធម្មជាតិ ឬក៏ជំងឺផ្សេងៗដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុផងដែរ។
ជាការឆ្លើយតប ប្រជាពលរដ្ឋ ទាំងអស់ បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាមនុស្សធម៌ គឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងដឹងគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានយកជីវិតធ្វើជាដើមទុន នាំមកនូវសុខសន្តិភាពពេញលេញ ជូនប្រទេសជាតិ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ជូនដល់គ្រួសារយុទ្ធជន-អតីតយុទ្ធជន គ្រួសារប្រឈមនិងរងគ្រោះថ្នាក់ដោយសារមីន គ្រួសារមានពិការភាព និងគ្រួសារក្រីក្រសរុបចំនួន ៨,៣៧៦គ្រួសារ ដែលរស់នៅខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ កណ្តាល និងព្រះវិហារ ហើយដែលប្រាក់កម្ចីនេះ បាននិងកំពុងជួយកាត់ដបន្ថយការរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងបានកែប្រែជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យល្អប្រសើរឡើង តាមរយៈការប្រកបរបរដាំដំណាំ ចិញ្ចឹមសត្វ លក់ដូរ កាត់ដេរ អ៊ុតសក់ ជួសជុលកង់ម៉ូតូ។ល។
បច្ចុប្បន្ននេះ ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តនៅតាមក្រុង-ស្រុកគោលដៅចំនួន១៥ ក្នុងខេត្តឧត្តរមានជ័យ ព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន ៕ អត្ថបទ៖ លោក សេង សុវណ្ណារឹទ្ធ