នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោកព្រះរាជអាជ្ញាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខអ្នកទោស ក្នុងពន្ធនាគារខេត្តប៉ៃលិន ដែលមានទីតាំងស្ថិតក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
លោក សោ សុវណ្ណ អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ បច្ចុប្បន្នក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោទើបយើងមានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយនៅសល់ប្រមាណមួយសប្តាហ៏ទៀតពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក៏នឹងឈានដល់ ដែលបងប្អូនប្រជាពលរដ្ឋយើងទូទាំងប្រទេសរៀបចំទទួលទេវតាឆ្នាំថ្មីជួបជុំគ្រួសារទូទាំងប្រទេស។ ដោយឡែកសម្រាប់ប្អូនៗអ៊ុំពូមីងមា ដែលជាទណ្ឌិតកំពុងមានទោសឃុំឃាំងគឺមន្ត្រីពន្ធនាគារអនុវត្តទោសធម្មតា ហើយសង្ឃឹមថាការសូត្រមន្តឆ្នាំថ្មីនាឱកាសនេះ នឹងជួយអោយអ្នកទាំងអស់គ្នាសុខសប្បាយនឹងឆាប់រួចទោសជួបជុំគ្រួសារឡើងវិញ។ ជាមួយគ្នានោះលោកអភិបាលរងខេត្តក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់លោកជំទាវអភិបាលខេត្តដល់មន្ត្រីអនុរក្សនិងទណ្ឌិតផងដែរ។
លោកអភិបាលរងខេត្ត បានលើកឡើងថា «កន្លងមកយើងធ្វើខុស ទើបយើងមានទោស ដូចជាការលួច ឆក់ប្លន់ ការកាប់សំលាប់មនុស្ស ការជួញដូរគ្រឿងញៀនជាដើម។ ជាការពិតណាស់បងប្អូនអ្នកលក់ និងចែកចាយគ្រឿងញៀនយើងបានលុយ តែទង្វើរបស់យើងនេះ បានធ្វើឲ្យក្រុមគ្រួសារដែលមានកូន មានចៅ សមាជិកគ្រួសារសេពគ្រឿងញៀនជួបនូវភាពវឹកវរភាពអន្តរាយក្នុងគ្រួសារ បង្ករអំពើហឹង្សារ អំពើរចោរកម្ម ដែលជាបន្ទុករបស់អាជ្ញាធរ និងរាជរដ្ឋាភិបាលទៀតផង»។
លោកអភិបាលរងខេត្តក៏បានបន្តថា «ដូច្នេះសូមឲ្យទណ្ឌិតទាំងអស់ ត្រូវមានស្មារតីភ្ញាក់រលឹកចេះកែខ្លួន ឈប់ប្រព្រឹត្តនូវអំពើខុសឆ្គងដូចកាលកន្លងទៅ ព្រោះថាបើយើងធ្វើខុស យើងនឹងទទួលទោសទណ្ឌ ឃ្លាតឆ្ងាយគ្រួសារបងប្អូន ហើយមានវិប្បដីសារីក្នុងជីវិតយើងផងដែរ។
ក្នុងឱកាសនោះ លោក សោ សុវណ្ណ អភិបាលរងខេត្ត បានកោតសសើរដល់ថ្នាក់ដឹកនាំពន្ធនាគារ ដែលបានយកចិត្តទុកដាក់ រៀបចំកែលម្អកន្លែងធ្វើការ ឱ្យមានរបៀបរៀបរយល្អ ជាពិសេសកន្លែងឃុំឃាំង មានសណ្តាប់ធ្នាប់ និងមានសោភ័ណភាព ផាសុខភាព ព្រមទាំងការផ្តល់សេវាបានសមស្រប ជូនមន្រ្តីអនុរក្សក្រោមឱវាទ និងទណ្ឌិតដែលកំពុងជាប់ឃុំ៕ អត្ថបទ៖ លោក សុទ្ធ វ៉ាន់សៀម