ប៉ៃលិន៖ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាគណ:អធិបតី ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នំា២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ។
មានប្រសាសន៍នាឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជម្រុញ និងលើកទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀតលើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹងការអនុវត្តគោលនយោបាយ (ភូមិ ឃុំ មានសុវត្ថិភាព) នៅតាមក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រៀមជានិច្ច ដើម្បីបង្ការ និងទប់ស្កាត់រាល់ករណីបទល្មើសនានា ដោយត្រូវដាក់កម្លាំងការពារល្បាតតាមទីកន្លែងកំសាន្តនានា មួយវិញទៀតតាមគ្រប់គោលដៅ តាមបណ្តាអធិការដ្ឋាននគរបាល និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ត្រូវតែមានមន្ត្រីនៅប្រចាំការ ២៤ម៉ោង /២៤ម៉ោង ដើម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន បានទាន់ពេលវេលា ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣ នាពេលខាងមុខ អាជ្ញាធរ និងកងកម្លាំងគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងសន្តិសុខឱ្យបានល្អ ពីព្រោះបងប្អូនប្រជាពលរដ្ឋយើងមកលេងកំសាន្តច្រើន ដូច្នេះកងកម្លាំងសមត្ថកិច្ចត្រូវឈរនៅតាមគោលដៅទីប្រជុំជន ដើម្បីសម្រួលចរាចរណ៍ក្នុងការធ្វើដំណើររបស់ពលរដ្ឋ កុំឱ្យមានការកកស្ទះ និងបន្តយកចិត្តទុកដាក់លើបញ្ហាសណ្ដាប់ធ្នាប់ សន្តិសុខសង្គម បញ្ហាអនាម័យបរិស្ថាន នៅតាមទីវត្តអារ៉ាម និងតាមបណ្តាតំបន់ទេសចរណ៍នានា ក្នុងខេត្តផងដែរ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានផ្តល់អនុសាសន៍ណែនាំដល់កម្លាំងសមត្ថកិច្ចគ្រប់មូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តអនុវត្តន៍តួនាទីភារកិច្ចប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ប្រកាន់ឱ្យខ្ជាប់ខ្ជួនបទបញ្ជានានា របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសូមឱ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយពីបញ្ហាគ្រឿងញៀន ការជួញដូរមនុស្សខុសច្បាប់ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្មេងទំនើង អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ជាពិសេសបន្តអនុវត្តន៍នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីនាំមកនូវសេចក្ដីសុខសាន្ត និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសននោះដែរ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ក៍បានមានប្រសាសន៍ស្នើដល់កម្លាំងនគរបាលគ្រប់មូលដ្ឋាន ត្រូវត្រៀមកម្លាំងដើម្បីការពារនូវព្រឹត្តិការណ៍សំខាន់ៗនាពេលខាងមុខ ពិសេសការធានារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព រួមទាំងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឱ្យទទួលបានជោគជ័យ និងមានសុវត្ថិភាព ៕
បើតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្ត បានឱ្យដឹងថា៖ នៅឆ្នាំ២០២២ ១-បទល្មើសព្រហ្មទណ្ឌមានចំនួន ៥២/៦៦លើក ថយចុះ ២១% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដោយមានការបង្ការ ទប់ស្កាត់ និងបង្ក្រាប ដូចជា៖ ល្បែងស៊ីសង ល្បែងអនឡាញខុសច្បាប់ ការប្រើប្រាស់ និងរក្សាអាវុធខុសច្បាប់ ហិង្សាដោយចេតនា និងបទល្មើសលួច ២-កិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ចំនួន ៣៤លើកឃាត់ខ្លួនជនសង្ស័យចំនួន ៩៣នាក់ (ស្រី ១៨នាក់) និងបានបង្ក្រាបករណ៍ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ១៧លើក ឃាត់ខ្លួនជនសង្ស័យចំនួន ៣៦នាក់(ស្រី ០៥នាក់) ដកហូតវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ១៥៧កញ្ចប់(៨៣៨.៣ក្រាម) កេតាមីនចំនួន ០៤កញ្ចប់ (៧.៤១ក្រាម) មេតំហ្វេតាមីនចំនួន ១,៦៥២គ្រាប់(១៥៧.៩៩ក្រាម) ថ្នាំញៀនប្រភេទគ្រាប់ពណ៌សូកូឡាចំនួន ០៥គ្រាប់ ១.៧៦ក្រាម)និងមធ្យោបាយសម្ភារៈសម្រាប់ជក់មួយចំនួន និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត និង៣-ករណីគ្រោះថ្នាក់ចរាចរណ៍ មានចំនួន (២៦/២៨លើក) ថយចុះ០២លើក ស្មើនឹង ៧% ប៉ុន្តែចំនួនមនុស្សស្លាប់កើនចំនួន ០៥នាក់ ស្មើនឹង ៧១% (១២/០៧នាក់) រងរបួសថយចំនួន ១២នាក់ ស្មើនឹង ២៦% (៣៤/៤៦នាក់) ខូចខាតម៉ូតូចំនួន៣០គ្រឿង និងរថយន្តចំនួន ១៥គ្រឿង ដែលបង្កឡើងដោយម៉ូតូនិងម៉ូតូ រថយន្តនិងម៉ូតូរថយន្តនិងរថយន្ត រថយន្ត ឬម៉ូតូនិងអ្នកថ្មើរជើង ។
អត្ថបទ៖ លោក ញ៉ឹប បូរី