(ភ្នំពេញ)៖ទណ្ឌិតប្រមាណជិត ៧០០ នាក់ ត្រូវបានស្នើសុំមកក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងសម្រេចលើកលែងទោស និងបន្ធូរបន្ថយទោសនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យវិសាខបូជាខាងមុខនេះ។ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកពិធីបុណ្យចំនួន ០៥ សម្រាប់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត ក្នុងនោះមាន ៖ ១.ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា។ ២.ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ៣.ពិធីបុណ្យវិសាខបូជា។ ៤.ពិធីបុណ្យឯករាជ្យជាតិ។ ៥.ព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
នៅក្នុងកិច្ចប្រជុំដឹកនាំដោយលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ ២០២៣ កាលពីថ្ងៃទី ៤ មេសា នៅទីស្ដីការក្រសួងយុត្តិធម៌ បានឲ្យដឹងថា អង្គប្រជុំបានពិនិត្យលើបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសរុបចំនួន ៦៦៨ នាក់ ក្នុងនោះ ទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមានចំនួន ៣៤៥ នាក់ និងទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យវិសាខបូជាមានចំនួន ៣២៣ នាក់។
គួរបញ្ជាក់ថា ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានបញ្ជូនសំណើគោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រ ផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុបចំនួន ២៨៣ នាក់ ស្រី ២៧ នាក់៕