នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ បានបើកវគ្គបណ្តុះបណ្តាលស្តីពី គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គោលនយោបាយប្រាក់កម្ចី និងចំណាកស្រុកប្រកបដោយសុវត្ថិភាព ស្ថិតក្រោមអធិបតីភាពលោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នៃនាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា លោកជំទាវ ពៅ សុខ អនុគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងឯកឧត្តម ឌិន គឹម នាយកប្រតិបត្តិកាកបាទក្រហមកម្ពុជាសាខាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករង និងមន្ត្រីប្រតិបត្តិសាខា លោក-លោកស្រី គណៈកម្មាធិការអនុសាខាក្រុង/ស្រុក និងអ្នកស្ម័គចិត្តកាកបាទក្រហមកម្ពុជាជាច្រើនរូបផងដែរ។
លោកជំទាវ ពៅ សុខ អនុគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ក្នុងការអនុវត្ត ការងារប្រាក់កម្ចីខ្នាតតូចឥតការប្រាក់ របស់កាកបាទក្រហមកម្ពុជា ឲ្យមានប្រសិទ្ឋភាពនិងបានដំណើរការល្អ ជួយលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រខ្វះខាត ឱ្យពួកគាត់មានលទ្ឋភាពក្នុងការទំនុកបម្រុងជីវភាពប្រចាំថ្ងៃ និងជាដើមទុនសម្រាប់ប្រកបមុខរបរបន្ថែមរួមផ្សំក្នុងគ្រួសារ នេះជាកត្តាដែលទទួលបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្ដេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះលោកជំទាវ បានមានប្រសាសន៍៖ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នៃនាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា និងសហការីទាំងអស់ ដែលបានអញ្ជើញមក កាន់លើទឹកដីនៃខេត្តប៉ៃលិន ដើម្បីធ្វើការសម្របសម្រួលវគ្គបណ្ដុះបណ្ដាលដល់ មន្ត្រីប្រតិបត្តិសាខា គណៈកម្មាធិការអនុ សាខាក្រុង/ស្រុក និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត ។
លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នៃនាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា៖ ការបើកវគ្គបណ្តុះបណ្តាលនាពេលនេះ មានគោលបំណងចង់ឲ្យ សមាជិក-សមាជិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត យល់ច្បាស់ពីគោលនយោបាយប្រាក់កម្ចី និងចំណាកស្រុកប្រកបដោយសុវត្ថិភាព ដើម្បីជាប្រទីបបំពេញនូវកាតព្វកិច្ចការងារឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។
ក្នុងឱកាសនោះលោកជំទាវ បានមានប្រសាសន៍លើកទឹកចិត្តដល់ សមាជិក-សមាជិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត ទាំងអស់មេត្តាចូលរួមរាល់មតិយោបល់ បច្ចេកទេសនានា និងបញ្ហាផ្សេងៗ ដើម្បីបន្តនូវទិសដៅការងារប្រកបដោយគុណភាពខ្ពស់ផងដែរ៕ សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលស្តីពី គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គោលនយោបាយប្រាក់កម្ចី និងចំណាកស្រុកប្រកបដោយសុវត្ថិភាពមានរយៈពេល១ ថ្ងៃពេញ៕ អត្ថបទ៖ លោក គួន ថង