នៅល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ លោក ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវឧកញ៉ា ស៊ុំ ហៀង សាសននូបត្ថម្ភវិស័យព្រះពុទ្ធសាសនាខេត្តប៉ៃលិន និងជាទីប្រឹក្សាសម្តេចអគ្គមហាសង្ឃរាជ ទេព វង្ស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីក្រុងពាលីនិងកម្មវិធីបំបួសនាគដែលមានជីវភាពក្រីក្រនិងកំព្រាចំនួន ២០អង្គ មកពីខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ ដែលពិធីនេះរៀបចំឡើងនៅវត្តសន្តិមារាម ហៅវត្តអូរច្រា ដែលស្ថិតក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ខេត្តប៉ៃលិន។
លោក ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងងា៖ ពិធីបំបួសកូននាគនាពេលនេះ គឺមានសារៈសំខាន់ក្នុងការអប់រំផ្លូវចិត្តធ្វើឲ្យមនុស្សមានការយល់ដឹងកាន់តែប្រសើរយល់ដឹងពីបាបបុណ្យអំពើជាកុសលនិងមានធម៌ខន្តី យោគយល់អនុគ្រោះដល់មនុស្សផងគ្នា ដោយប្រកាន់ខ្ជាប់តាមពុទ្ធឱវាទព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ជាពិសេសដើម្បីបំពេញបំណងដល់កូនចៅដែលចង់តបស្នងសងគុណមាតាបិតារបស់ខ្លួននិងផ្ញើរអាត្មារៀនសូត្រនៅវត្តជាមួយព្រះសង្ឃជាវិថីជីវិតដ៏វែងឆ្ងាយ។ លោកអភិបាលរងខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ជាការពិតណាស់បើគ្មានសន្តិភាពគ្មានការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នោះទេ យើងពិតជាមិនមានអ្វីៗដូចពេលនេះដែរ គឺទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ហើយបច្ចុប្បន្នវិស័យព្រះពុទ្ធសាសនាកំពុងមានតួនាទីសំខាន់ក្នុងការអប់រំទូន្មានប្រៀនប្រដៅអោយ យើងគ្រប់ៗគ្នាមានភាពស្មោះត្រង់ និងចេះធ្វើបុណ្យទានស្គាល់បុណ្យបាប ហើយជាពិសេសព្រះពុទ្ធ សាសនាជាសាសនារបស់រដ្ឋដែលចែងក្នុងរដ្ឋធម្មនុញ្ញាមិនអាចកាត់ថ្លៃបាននោះឡើយ។
នៅក្នុងឱកាសនោះផងដែរ លោក ម៉ើង លីដា អភិបាលរងខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់កូននាគទាំង ២០អង្គ ដែលត្រូវបំបួសនាពេលនេះ គឺត្រូវខិតខំរៀនសូត្របាលី ធម៌អាថ៌ និងត្រូវគោរពវិន័យជាមួយព្រះសង្ឃឲ្យបានល្អទាំងការស្នាក់នៅ និងគង់ក្នុងវត្ត ក៏ដូចក្នុងពិធីនិមន្តចេញប្រតិបត្តិធម៌ ធ្វើយ៉ាងណាត្រូវគោរពធម៌វិន័យឲ្យបានខ្ជាប់ខ្ជួន ឲ្យបានថ្លៃថ្នូរទៅតាមប្រពៃណីទំនៀមទម្លាប់ជាសាសនារបស់រដ្ឋយើង។
បើតាមការបញ្ជាក់របស់ព្រះគ្រូសន្តិមហារតន៍មុនី សាន់ លី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មមរណីរតន៍ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តប៉ៃលិនមានសង្ឃដីកាឱ្យដឹងថា៖ នៅឆ្នាំនេះព្រះសង្ឃនៅខេត្តប៉ៃលិនបានសហការជាមួយព្រះសង្ឃខេត្តព្រះវិហារ-ខេត្តសៀមរាប និងខេត្តបាត់ដំបង ធ្វើការរៀបចំពិធីបំបួសកុលបុត្រខ្មែរជាសាមណេរ ចំនួន២០អង្គ ដែលជាកូនអ្នកក្រីក្រនិងកំព្រាគ្រួសារ ដើម្បីអប់រំជាមួយវិស័យព្រះពុទ្ធសាសនាអោយមានការយល់ដឹងនិងដើម្បីជាការតបស្នងសងគុណនូវគុណណូបការៈលោកអ្នកមានគុណផងដែរ។ ជាមួយគ្នានោះក៏ដើម្បីបញ្ជ្រាបដល់យុវជន យុវនារីខ្មែរអោយស្គាល់តម្លៃនៃទ្រឹស្តីអប់រំរបស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិយើង។
ក្នុងឱកាសនោះដែរលោក ម៉ើង លីដា អភិបាលរងខេត្តបាននាំយកបច្ច័យចំនួន ១លានរៀល របស់លោកជំទាវអភិបាលខេត្ត ដើម្បីចូលរួមកម្មវិធីបុណ្យបំបួសនាគនៅវត្តអូរច្រានេះផងដែរ ។
គួរបញ្ជាក់ផងដែរថា៖ ពិធីបំបួសកូននាគទាំង ២០អង្គនេះ ដែលជាអ្នកក្រីក្រនិងកំព្រាគ្រួសារ រៀបចំឡើងដោយព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តប៉ៃលិន ដែលសហការជាមួយគណៈសង្ឃ ៤ខេត្ត រួមមាន៖ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ ហើយពេលព្រឹកថ្ងៃទី០២ ក៏មានរៀបចំពិធីរាប់បាត្រសាមណេរទាំង ២០អង្គ មានការចូលរួមពីពុទ្ធបរិស័ទ្ធជិតឆ្ងាយយ៉ាងច្រើនកុះករ នៅក្នុងពិធីបំបួសនាគនៅវត្តអូរច្រានេះផងដែរ៕ អត្ថបទ៖ លោក កុល កាយណា