(អន្តរជាតិ)៖មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានចេញការព្រមានដល់មនុស្ស ដែលធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិកចំនួនពីរគឺហ្គីណេ និងតង់ហ្សានី ជុំវិញការផ្ទុះឡើងនៃមេរោគ Marburg ដ៏សាហាវ។ ស្របពេលជាមួយគ្នានោះដែរ CDC បានប្រកាសថា ខ្លួននឹងបញ្ជូនបុគ្គលិកទៅតាមដានស្ថានភាពជំងឺនេះនៅក្នុងប្រទេសទាំងពីរ។យោងតាមអង្គការសុខភាពពិភពលោក (WHO), មេរោគនេះ មានអត្រាស្លាប់ចន្លោះពី២៥ទៅ៩០% ហើយថ្មីៗ មេរោគបានរីករាលដាលពីជនបទក្នុងប្រទេសហ្គីណេអេក្វាទ័រ ទៅកាន់តំបន់ដែលមានប្រជាជនរស់នៅច្រើន និងមជ្ឈមណ្ឌលដឹកជញ្ជូនសំខាន់ៗ។
ទន្ទឹមនោះ មន្ត្រី CDC បានផ្តល់អនុសាសន៍ឲ្យអ្នកដែលធ្វើដំណើរទៅកាន់ទ្វីបអាហ្រ្វិក ត្រូវចៀសវាងការទាក់ទងជាមួយបុគ្គលឈឺ និងកន្លែងថែទាំសុខភាព ហើយតាមដានរោគសញ្ញាដែលអាចកើតមានណាមួយ។ រោគសញ្ញានៃជំងឺដែលជាសែស្រឡាយរបស់អេបូឡាមួយនេះ រួមមានគ្រុនក្តៅ ឈឺបំពង់ក ឡើងកន្ទួល ឈឺក្រពះ ហូរឈាមតាមច្រមុះ ឬអញ្ចាញធ្មេញ ចេញស្នាមជាំ ហើយក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចចាប់ផ្តើមហូរឈាមតាមមាត់ រួមទាំងភ្នែកផងដែរ។គួរបញ្ជាក់ថា ការផ្ទុះឡើងដំបូងនៃជំងឺ Marburg បានកើតឡើងនៅប្រទេសហ្គីណេអេក្វាទ័រ ក្នុងខែកុម្ភៈ។ ប៉ុន្មានសប្តាហ៍បន្ទាប់ពីនោះ ប្រទេសនេះបានរាយការណ៍ការឆ្លងចំនួន៩ករណី។ នៅប្រទេសតង់ហ្សានី មានករណីចំនួន៨ករណី ដែលក្នុងនោះមាន៥នាក់ ត្រូវបានបញ្ជាក់ថាស្លាប់។ នៅប្រទេសហ្គាបុង និងកាមេរូន ដែលជាប់ព្រំដែនហ្គីណេអេក្វាទ័រ បច្ចុប្បន្នកំពុងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគនេះ។ យោងតាម CDC, មេរោគនេះឆ្លងតាមរយៈឈាម ឬសារធាតុរាវក្នុងខ្លួនរបស់មនុស្សផ្ទុកមេរោគ។ ជំងឺក៏ឆ្លងតាមរយៈការប៉ះពាល់ជាមួយវត្ថុដែលមានមេរោគ ដូចជាសម្លៀកបំពាក់ ម្ជុល និងឧបករណ៍វេជ្ជសាស្ត្រ ឬតាមរយៈការប៉ះពាល់ជាមួយសត្វដូចជាប្រចៀវជាដើម៕