ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ រួមដំណើរដោយឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន ឯកឧត្តម ស្លេះ យូរ ប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យ គោលដៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៦ ជូនដល់សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិមិត្តប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន និងចាក់វ៉ាក់សាំងជូនដល់បុគ្គលិក កាស៊ីណូហ្គ្រេន និងកាស៊ីណូម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា ដោយមានការណែនាំរបស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរៀបចំទីតាំងចំនួន ០៣កន្លែង សម្រាប់ផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៦ ជូនបុគ្គលិកកាស៊ីណូ និង សិស្សានុសិស្ស ដែលមាន៖ កាស៊ីណូម្កុដពេជ្រ និង កាស៊ីណូហ្គែ្រន ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និង វិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកជំទាវ ឱ វណ្ណឌីន ន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានមានប្រសាសន៍ថា យើងនៅតែមានការព្រួយបារម្ភ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះជំងឺកូវីដ-១៩, ដោយសារជំងឺនេះ មិនទាន់ចាកចេញទៅណាឆ្ងាយពីប្រជាពលរដ្ឋយើងនៅឡើយទេ។ បច្ចុប្បន្ន ប្រទេសកម្ពុជាយើងមានការធូរស្រាលច្រើន ពីជំងឺកូវីដ-១៩ ដោយសារគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី តាមរយៈការចា់តវិធានការដ៏មានប្រសិទ្ធភាព និងការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា និងបានគ្រប់ៗគ្នា។ ប៉ុន្តែជំងឺកូវីដ-១៩ នៅតែមាការកើតឡើងច្រើននៅឡើយ ចំពោះប្រទេសមួយចំនួន, ហើយយើងក៏មានការព្រួយបារម្ភចំពោះការបំឡែងខ្លួនថ្មី នៃជំងឺកូវីដ១៩ ផងដែរ ដែលអាចទំលុះរបាំងវ៉ាក់សាំងកូវីដ-១៩ ដែលយើងកំពុងប្រើសព្វថ្ងៃនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ នៅតែជាជំរើសដ៏ល្អសម្រាប់ប្រជាជនយើង ដើម្បីជៀសផុតពីការកំរាមកំហែងពីជំងឺកូវីដ-១៩។ ដូច្នេះ សូមអោយបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ត្រូវមកទទួលការចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា កុំមានការធ្វេសប្រហែសឡើយ៕ អត្ថបទ៖លោក វួច ពឿន AKP ប៉ៃលិន