បាត់ដំបង៖ នៅសាលាខេត្តបាត់ដំបង ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានដឹកនាំគណៈប្រតិភូខេត្តប៉ៃលិន ចូលរួមពិធីផ្ទេរសិទ្ធិ និងកាតព្វកិច្ចក្នុងភូមិសាស្ត្រដែលបានកែសម្រួលព្រំប្រទល់រដ្ឋបាល ពីរដ្ឋបាលខេត្តបាត់ដំបង ទៅរដ្ឋបាលខេត្តប៉ៃលិន ។
យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវបានកែសម្រួលដូចខាងក្រោម៖*កែសម្រួលព្រំប្រទល់រដ្ឋបាលរវាងក្រុងប៉ៃលិន ខេត្តប៉ៃលិន និងស្រុកសំឡូត ខេត្តបាត់ដំបង ដោយកាត់យកភូមិសាស្រ្តតំបន់ភ្នំដំបង នៃឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុបចំនួន ៦.៦៨៥ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយកំណត់យកស្ទឹងសង្កែជាខ្សែព្រំប្រទល់រដ្ឋបាល។
*កែសម្រួលព្រំប្រទល់រដ្ឋបាលរវាងស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងស្រុកកំរៀង ខេត្តបាត់ដំបង ដោយកាត់យកភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង នៃឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុបចំនួន ១.៣៧៦ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងកាត់យកភូមិកំពង់ចម្លងក្រោមនៃឃុំតាក្រីស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុបចំនួន ៣.៦១៨ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយកំណត់យកស្ទឹងមង្គលបូរីជាខ្សែព្រំប្រទល់រដ្ឋបាល៕
សូមរំលឹកថា៖ សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងបញ្ជាក់ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ ពាន់នាក់ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២២ ថា៖ បញ្ហាការកែរសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិននេះ អាជ្ញាធរខេត្តទាំង ២ បានដោះស្រាយតាំងពីឆ្នាំ ១៩៩៦ រហូតមកដល់បច្ចុប្បន្នមានរយៈពេលជិត ៣០ ឆ្នាំទៅហើយ ប៉ុន្ដែបែរជាមិនទាន់ដោះស្រាយបានរួចរាល់ទៅវិញ ដូច្នេះសម្តេចបានទុកពេលចំនួន ២សប្ដាហ៍ឱ្យអភិបាលខេត្តប៉ៃលិន និងខេត្តបាត់ដំបង ត្រូវដោះស្រាយឱ្យបានរួចរាល់នូវបញ្ហាព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំង ២ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងកម្មសិទ្ធិដីធ្លី និងការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខនេះ ។
អត្ថបទ៖ លោក ញ៉ឹប បូរី