(អង់គ្លេស)៖ រាជរដ្ឋាភិបាលចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារទី២៨ខែមីនា បានបង្កើនកម្រិតគំរាមកំហែងភេរវកម្មនៅអៀរឡង់ខាងជើង ឡើងដល់ “កម្រិតធ្ងន់ធ្ងរ” មុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដើម្បីប្រារព្ធខួបលើកទី២៥នៃកិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់មួយ។បច្ចុប្បន្ន ទីភ្នាក់ងារចារកម្មក្នុងស្រុក MI5 បានវិនិច្ឆ័យថា កម្រិតគំរាមកំហែងនៃការវាយប្រហារបានផ្លាស់ប្តូរពី “ខ្លាំង” ទៅ “ធ្ងន់ធ្ងរ” ដែលមានន័យថា ឧប្បត្តិហេតុមួយទំនងជាកើតឡើង។
នេះបើយោងតាមការព្រមានពីលេខាធិការអៀរឡង់ខាងជើងលោក Chris Heaton-Harris។ បន្ទាប់ពីទទួលរងនូវភាពចលាចលបង្ហូរឈាមអស់រយៈពេល៣ទសវត្សរ៍, អៀរឡង់ខាងជើងក៏បានផ្លាស់ប្តូរជំហរ ចាប់តាំងពីកិច្ចព្រមព្រៀង Good Friday ត្រូវបានអនុម័តនៅថ្ងៃទី១០ខែមេសាឆ្នាំ១៩៩៨។ លោក Heaton-Harris បានប្រាប់សភាថា “មនុស្សមួយចំនួនតូចនៅតែតាំងចិត្តថា នឹងបង្កគ្រោះថ្នាក់ដល់សហគមន៍របស់យើង តាមរយៈអំពើហិង្សាដែលជំរុញដោយរឿងនយោបាយ”។ស្របពេលជាមួយគ្នានោះដែរ លោកបានជំរុញដល់សាធារណជន ឲ្យមានការប្រុងប្រយ័ត្ន ប៉ុន្តែកុំមានការភ្ញាក់ផ្អើលឲ្យសោះចំពោះសេចក្តីប្រកាសនេះ។
គួរបញ្ជាក់ថា ខួប Good Friday លើកនេះ គឺកើតឡើងចំពេលអៀរឡង់ខាងជើង ត្រូវជាប់គាំងក្នុងបញ្ហាផ្នែកនយោបាយ ខណៈក្រុមសហជីពគាំទ្រចក្រភពអង់គ្លេស បដិសេធចូលរដ្ឋាភិបាលជាថ្មី ជាការជំទាស់នឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ដែលយល់ព្រមដោយទីក្រុងឡុងដ៍ និងសហភាពអឺរ៉ុប។ ពួកសកម្មប្រយុទ្ធជ្រុលនិយមកាន់តែច្រើននៅក្នុងជំរំគាំទ្រចក្រភពអង់គ្លេសបាន ចេញការព្រមានជាបន្តបន្ទាប់អំពីផលវិបាកនៃកិច្ចព្រមព្រៀងនេះ ដែលពួកគេមើលឃើញថា ធ្វើឲ្យអៀរឡង់ខាងជើង ប្រឈមនឹងហានិភ័យនៃការបែកបាក់ផ្នែកនយោបាយ និងសេដ្ឋកិច្ចពីចក្រភពអង់គ្លេស៕