(អាមេរិក)៖យោងតាមសេតវិមាននៅថ្ងៃពុធទី២៩ខែមីនា, សហរដ្ឋអាមេរិកបានប្រាប់រុស្ស៊ីថា ខ្លួននឹងឈប់ដោះដូរទិន្នន័យមួយចំនួន ស្តីពីកងកម្លាំងនុយក្លេអ៊ែរ បន្ទាប់ពីទីក្រុងមូស្គូបដិសេធធ្វើដូចគ្នានេះ។ស្របពេលជាមួយគ្នានោះដែរ សហរដ្ឋអាមេរិក បានហៅការឈប់ដោះដូរទិន្នន័យនេះថា ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់រុស្ស៊ី ដែលផ្អាកចូលរួមក្នុងសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ New START។
ទោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មិនទាន់ដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញាដែលកំណត់ឃ្លាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ភាគីទាំងពីរក៏ដោយ ប៉ុន្តែការផ្អាករបស់គាត់កាលពីថ្ងៃទី២១ខែកុម្ភៈ បានធ្វើឲ្យដួលរលំសសរស្តម្ភចុងក្រោយនៃកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធរវាងអាមេរិកនិងរុស្ស៊ី។សម្រាប់សហរដ្ឋអាមេរិកនិងរុស្ស៊ី ប្រទេសទាំងពីរនេះ មានក្បាលគ្រាប់នុយក្លេអ៊ែរជិត៩០ភាគរយនៃពិភពលោក ដែលគ្រប់គ្រាន់ដើម្បីបំផ្លាញភពផែនដីទាំងមូលយ៉ាងងាយស្រួលជាទីបំផុត។ យ៉ាងណា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកនិយាយថា “នៅក្រោមច្បាប់អន្តរជាតិ សហរដ្ឋអាមេរិកមានសិទ្ធិឆ្លើយតបទៅនឹងការបំពានរបស់រុស្ស៊ីចំពោះសន្ធិសញ្ញា New START ដោយចាត់វិធានការតបតតាមសមាមាត្រ ដើម្បីជំរុញឲ្យរុស្ស៊ីវិលត្រលប់ទៅគោរពតាមកាតព្វកិច្ចរបស់ខ្លួនសាជាថ្មី។
នោះមានន័យថា ដោយសារតែការអះអាងរបស់រុស្ស៊ីអំពីការព្យួរសន្ធិសញ្ញា New START គឺមិនត្រឹមត្រូវតាមច្បាប់ សហរដ្ឋអាមេរិកត្រូវបានអនុញ្ញាតដោយស្របច្បាប់ក្នុងការបញ្ឈប់ការធ្វើបច្ចុប្បន្នភាពទិន្នន័យប្រចាំឆ្នាំរបស់យើង ដើម្បីឆ្លើយតបទៅនឹងការបំពានរបស់រុស្ស៊ី”។ ដោយចុះហត្ថលេខាក្នុងឆ្នាំ២០១០ ហើយនឹងផុតកំណត់នៅឆ្នាំ២០២៦, សន្ធិសញ្ញា New START បានកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ដែលប្រទេសនានាអាចដាក់ពង្រាយបាន។ នៅក្រោមលក្ខខណ្ឌរបស់ខ្លួន ទីក្រុងមូស្គូនិងវ៉ាស៊ីនតោន អាចដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រមិនលើសពី ១៥៥០គ្រាប់ទេ៕