(កៀវ)៖ ប្រតិបត្តិករបណ្តាញអគ្គិសនីជាតិរបស់ប្រទេសអ៊ុយក្រែនបានកាត់ផ្តាច់ចរន្តអគ្គិសនីជាបន្ទាន់ នៅក្នុងតំបន់អ៊ុយក្រែនចំនួនប្រាំបីនៅថ្ងៃអង្គារ ទី២៨មីនានេះ ដោយសារអាកាសធាតុអាក្រក់ ហើយបាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីបានប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលនៅក្នុងតំបន់ជួរមុខមួយចំនួនផងដែរ។
នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣។ ការបិទនេះធ្វើឡើងបន្ទាប់ពីការធ្វើឱ្យប្រសើរឡើង នៃការផ្គត់ផ្គង់អគ្គិសនីនៅទូទាំងប្រទេសអ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅក្នុងអ្វីដែលក្រុមមន្ត្រីពិពណ៌នាថា ជាជ័យជម្នះក្នុងការប្រយុទ្ធរបស់ពួកគេដើម្បីស្តារថាមពលឡើងវិញ បន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនខែរបស់រុស្ស៊ី។ ប្រតិបត្តិករបណ្តាញអគ្គីសនី Ukrenergo បាននិយាយថា ព្យុះ ខ្យល់ ព្រិល និងភ្លៀងនៅក្នុងតំបន់ចំនួន៧ នៅភាគខាងលិចអ៊ុយក្រែន និងនៅតំបន់ Odessa ភាគខាងត្បូង បានបណ្តាលឱ្យដាច់ចរន្តអគ្គិសនីសម្រាប់អ្នកប្រើប្រាស់។ ដោយឡែកបណ្តាញចែកចាយអគ្គិសនីនៅក្នុងតំបន់ Kharkiv និង Kherson នៅភាគខាងត្បូង ត្រូវបានខូចខាតក្នុងអំឡុងពេលការទម្លាក់គ្រាប់បែកនាពេលថ្មីៗនេះ។
គួរបញ្ជាក់ថា ប្រព័ន្ធថាមពលប្រហែល ៤០ភាគរយត្រូវបានខូចខាតដោយសារការវាយប្រហាររបស់រុស្ស៉ី ហើយក្រុមកម្មករកំពុងបន្តជួសជុលដើម្បីស្តារ និងពង្រឹងប្រព័ន្ធថាមពលឡើងវិញ៕