ខេត្តប៉ៃលិន៖ រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និង ឯក ឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរជំនាញជុំវិញខេត្ត អាជ្ញាធរក្រុង និងក្រុម ការ ងារ បានអញ្ជើញពិនិត្យមើលការរៀបចំតុបតែងលម្អសោភ័ណភាពក្នុងទីក្រុង និងតាម ទីសាធារណៈ នានា ក្នុងខេត្ត ដើម្បីត្រៀមទទួលអំណរទេវតាឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ នាពេលខាងមុខ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បើទោះបីជាបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច ឱ្យធ្វើនៅតាមផ្ទះរាងៗខ្លួន ក៍យើង ត្រូវតែធ្វើការតុបតែងលម្អនៅតាមទីសាធារណៈ ដូចជា៖ ផ្កាភ្ញី ភ្លើងពណ៌ ដើម្បីលើកកម្ពស់សោភ័ណ ភាព ទីក្រុងផង និងត្រៀមទទួល អំណរទេវតាឆ្នាំថ្មីផង។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្ននេះ អាជ្ញាធរខេត្តប៉ៃលិន គឺបាន កំពុង ខិតខំរៀបចំសណ្តាប់ធ្នាប់ និងកែរលម្អសោភ័ណភាពនៅក្នុងខេត្ត ដូចជា៖ ការកសាងផ្លូវគមនាគមន៍ កែលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលំអនាពេលរាត្រី នៅតាមទីសាធារណៈ ដូច្នេះសូម បងប្អូនប្រជាពលរដ្ឋ ត្រូវ ចូលរួមសហការទាំងអស់គ្នា ជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសការ ថែរក្សា អនាម័យ សាធារណៈ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម បាន ស្រីមុំ ក៍បានមានប្រសាសន៍ជំរុញដល់មន្ទីរអង្គភាព ជំនាញ ជុំវិញខេត្តទាំងអស់ ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះការថែទាំផ្កាលើសួនពុះចែកទ្រូងផ្លូវ ទៅតាមគោល ដៅ របស់ខ្លួន ដែលរដ្ឋបាល ខេត្តបានបែងចែក ដើម្បីរួមចំណែកលើកកំពស់សោភ័ណភាពសាធារណៈក្នុងខេត្ត ក្នុងនាមជាមន្ត្រីរាជការ បម្រើ ជាតិ និងប្រជាជន។
សូមបញ្ជាក់ថា៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ឆ្នាំនេះ គឺប្រព្រឹត្តទៅ រយៈ ពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២១ តែមិនមានការជួបជុំ និងធ្វើពិធីសាសនា នៅ តាមវត្តអារាម ដែលមានមនុស្សច្រើននោះទេ ដោយអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវសេចក្តីសម្រេចរបស់រាជ រដ្ឋាភិបាល ដើម្បីស្កាត់ការចម្លងរីករាលដាលនៃកូវីដ-១៩ ក្នុងសហគមន៍។
ប៉ៃលិន 11-04-2021