(កូរ៉េខាងជើង)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីថ្ងៃចន្ទបានចុះត្រួតពិនិត្យកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេស និងបានចេញបញ្ជាឲ្យបង្កើនការផលិតសម្ភារៈពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរផងដែរ ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ថា លោក គីម បានប្រាប់មន្ត្រីនៅវិទ្យាស្ថានអាវុធនុយក្លេអ៊ែរឲ្យបង្កើនការផលិត ក៏ដូចជាអភិវឌ្ឍអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ប្រទេស ជាពិសេសគឺប្រព័ន្ធសម្រាប់គ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែរតែម្ដង ។ ការចុះទៅត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែររបស់លោក គីម បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងយុទ្ធសាស្ត្រនៅក្នុងសមយុទ្ធមួយកាលពីថ្ងៃចន្ទ ។ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងយុទ្ធសាស្ត្រចំនួន ២ គ្រាប់ចេញពីទីក្រុងព្យុងយ៉ាងឆ្ពោះទៅកាន់កោះមួយនៅភាគឦសានរបស់ប្រទេស ដែលជាការព្រមានថ្មីមួយទៀតទៅកាន់អាមេរិក និងកូរ៉េខាងត្បូង ។ គួរបញ្ជាក់ថា ការបាញ់មីស៊ីលព្រមានជាហូរហែរបស់កូរ៉េខាងជើងបានកើតឡើង ដោយសារតែអាមេរិក និងកូរ៉េខាងត្បូងរៀបចំសមយុទ្ធយោធារួមគ្នានៅក្នុងឧបទ្វីបកូរ៉េ ដែលទីក្រុងព្យុងយ៉ាងចាត់ទុកថា វាហាក់ដូចជាការប្រកាសសង្គ្រាមជាមួយកូរ៉េខាងជើង ៕