(អន្តរជាតិ)៖ សេដ្ឋកិច្ចពិភពលោក ត្រូវប្រឈមមុខនឹងឆ្នាំដ៏លំបាកមួយ ដោយសារផលប៉ះពាល់ពីវិបត្តិធនាគារនាពេលថ្មីៗនេះ ហើយការបង្កើតប្លុកសេដ្ឋកិច្ចគូប្រជែង ដែលបង្កឡើងដោយជម្លោះអ៊ុយក្រែន បានគំរាមកំហែងដល់ការបំផ្លាញស្ថិរភាពសេដ្ឋកិច្ចពិភពលោក។ នេះបើតាមការព្រមានរបស់ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva នៅវេទិកាអភិវឌ្ឍន៍ប្រទេសចិន ក្នុងទីក្រុងប៉េកាំងកាលពីចុងសប្តាហ៍។យោងតាមលោកស្រី Georgieva, ឆ្នាំ២០២៣នេះ នឹងមានបញ្ហាប្រឈម ហើយទំនងជានឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដល់ក្រោម ៣% ដោយសារផលប៉ះពាល់ពីជំងឺរាតត្បាត សង្គ្រាមនៅអ៊ុយក្រែន និងការរឹតបន្តឹងរូបិយវត្ថុលើសកម្មភាពសេដ្ឋកិច្ច។លោកស្រីលើកឡើងថា “ភាពមិនប្រាកដប្រជា រួមទាំងដោយសារហានិភ័យនៃការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ចផងដែរនោះ គឺជាការបែងចែកដ៏គ្រោះថ្នាក់ដែលនឹងធ្វើឲ្យមនុស្សគ្រប់គ្នាកាន់តែក្រីក្រ និងមិនសូវមានសុវត្ថិភាព។
ជាមួយគ្នានេះ កត្តាទាំងប៉ុន្មានខាងលើមានន័យថា ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលមធ្យម ទំនងជានៅតែខ្សោយ”។លោកស្រី Georgieva ក៏បានកត់សម្គាល់ផងដែរថា បញ្ហានាពេលថ្មីៗនេះនៅក្នុងវិស័យធនាគារ រាប់ចាប់តាំងពីការដួលរលំនៃអ្នកផ្តល់ប្រាក់កម្ចីជាច្រើននៅសហរដ្ឋអាមេរិក រហូតដល់ការក្ស័យធននៃធនាគារធំទីពីររបស់ប្រទេសស្វីសគឺ Credit Suisse បានលាតត្រដាងឲ្យឃើញពីភាពងាយរងគ្រោះនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ដែលតម្រូវឲ្យដោះស្រាយជាចាំបាច់។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Georgieva បានសរសើរដល់កិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗនេះ របស់អ្នកបង្កើតគោលនយោបាយដើម្បីគាំទ្រដល់ប្រព័ន្ធធនាគារពិភពលោកដោយការលើកកម្ពស់ការផ្តល់សាច់ប្រាក់ងាយស្រួលជាប្រាក់ដុល្លារអាមេរិក។ លោកស្រីកត់សម្គាល់ថា ពួកគេបានធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ក្នុងការឆ្លើយតបទៅនឹងហានិភ័យស្ថិរភាពហិរញ្ញវត្ថុ៕