ប៉ៃលិន÷ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍លើកឡើងថា៖ មានសន្តិភាពទើបធ្វើអោយប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសខេត្តប៉ៃលិន បានធ្វើសមាហរណកម្មបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ក្រោមកិច្ចខិតខំប្រឹងប្រែង ដើម្បីបុព្វហេតុជាតិមាតុភូមិរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយយកអាយុជីវិតធ្វើជាដើមទុនក្នុងការបញ្ចប់សង្គ្រាមប្រយុទ្ធបង្ហូរឈាមគ្នារវាងខ្មែរនិងខ្មែរ តាមរយៈការដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ហើយបានប្រែក្លាយខេត្តមួយនេះ ឱ្យមានការអភិវឌ្ឍន៍រីកចម្រើនគួរជាទីមោទនៈ ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បែបនេះ ក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន តាមកងឯកភាពឈរជើងទិសយោធភូមិភាគទី៥ មុនបុណ្យចូលឆ្នាំប្រពៃណីជាតិ នាពេលខាងមុខ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅបរិវេណការដ្ឋានស្ថាបនាស្តុបអនុស្សាវរីយ៍វិមានឈ្នះឈ្នះ ខេត្តប៉ៃលិន ។
សម្តេចពិជ័យសេនា មានប្រសាសន៍បន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍លើកគ្រប់វិស័យ ជាពិសេសបានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរស់នៅប្រកបដោយភាពសុខដុម មួយវិញទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះប្រកួត កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលធ្វើឲ្យពិភពលោក កាន់តែដឹងកាន់ច្បាស់ពីសន្តិភាព ស្ថេរភាព នយោបាយឈ្នះឈ្នះ និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលប្រែក្លាយពីចំណុចសូន្យលិចលង់ក្នុងសម័យសង្គ្រាម មកជាប្រទេសអភិវឌ្ឍន៍ មានភាពរីកចំរើនលើគ្រប់វិស័យ។
ក្នុងឱកាសនោះសម្តេច ទៀ បាញ់ ក៍បានមានប្រសាសន៍ណែនាំដល់នាយទាហាន និងពលទាហានទាំងអស់ឱ្យបន្តពង្រឹងពង្រីកស្មារតីរួមចំណែកការពារសន្តិភាព ការពារទឹកដី ការពារភាពសុខសាន្តជូនប្រជាពលរដ្ឋ ពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីធ្វើការប្រយុទ្ធប្រឆាំងទៅនឹងពពួកអមិត្ត ដែលតែងតែរារាំងដល់កិច្ចដំណើការកសាងសន្តិភាព និងការអភិវឌ្ឍសង្គមកម្ពុជា។
អត្ថបទ៖ លោក ញ៉ឹប បូរី