(ភ្នំពេញ)៖ លោករដ្ឋមន្រ្តីការបរទេសនៃប្រទេសកុំមិនវែលដូមីនីក បានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តី ស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៣ ខែមីនានេះ នៅទីស្តីការក្រសួងការ បរទេស ដើម្បីពិភាក្សាការងារ។
នៅក្នុងជំនួបទ្វេភាគីនោះដែរ ភាគីទាំងពីរ បានពិភាក្សាលើកិច្ចសហការលើវិស័យផ្សេងៗ រួមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគីតំបន់ និងអន្តរជាតិ។ បន្ទាប់ពីជំនួបភាគីទាំងពីរ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោករដ្ឋមន្រ្តីការបរទេសដូមីនីកបាន ចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃប្រទេសកុំមិនវែលដូមីនីក ស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត វីន ហេនដឺសាន់ នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ខែមីនា នៅវិមានសន្តិភាព។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់លោកបណ្ឌិត វីន ហេនដឺសាន់ មកកាន់កម្ពុជា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងការទូត និងពង្រីកកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសកុំមិនវែលដូមីនីក សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។
លោកបណ្ឌិត វីន ហេនដឺសាន់រដ្ឋមន្រ្តីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេសកុំមិនវែលដូមីនីក បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២២-២៤ ខែមីនា ឆ្នាំ ២០២៣៕