(អាហ្វហ្គានីស្ថាន)៖ ឆ្នាំសិក្សាថ្មីបានចាប់ផ្តើមក្នុងសប្តាហ៍នេះនៅប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែនៅក្នុងតំបន់ភាគច្រើនរបស់ប្រទេសនេះ ក្មេងស្រីអាចចូលរៀនបានត្រឹមតែថ្នាក់បឋមសិក្សាប៉ុណ្ណោះ។ ក្រុមឥស្លាមតាលីបង់បានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានឡើងវិញកាលពីខែសីហា ឆ្នាំ២០២១។ ក្រុមនេះបានបដិសេធមិនអនុញ្ញាតឱ្យក្មេងស្រីចូលរៀននៅថ្នាក់មធ្យមសិក្សា និងថ្នាក់វិទ្យាល័យឡើយ។ កាលពីខែធ្នូកន្លងទៅ ក្រុមនេះបានផ្អាកថ្នាក់សាកលវិទ្យាល័យសម្រាប់ក្មេងស្រី។ ក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់នៅក្នុងរដ្ឋធានីកាប៊ុលបាននិយាយថា សាលារៀនជាច្រើននៅតែបិទទ្វារ នាងគ្មានសង្ឃឹមនោះទេ ហើយនាងមិនដឹងថានឹងមានអ្វីកើតឡើងនាពេលអនាគត។
នាងបាននិយាយថា នាងចង់ឲ្យក្រុមតាលីបង់អនុញ្ញាតឲ្យក្មេងស្រីបានចូលរៀនដូចក្មេងប្រុសដែរ។ បេសកកម្មផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិនៅប្រទេសអាហ្វហ្គានីស្ថាន បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្មេងស្រីជាងមួយលាននាក់មិនត្រូវបានអនុញ្ញាតឱ្យចូលរៀននោះទេ។ បេសកកម្មនេះបានជំរុញឱ្យក្រុមតាលីបង់ ផ្លាស់ប្តូរគោលនយោបាយរើសអើងទាំងអស់របស់ពួកគេមកលើស្ត្រី និងក្មេងស្រី។ ប្រភពមួយជាមួយក្រុមតាលីបង់បាននិយាយថា សមាជិកមួយចំនួនរបស់ក្រុមនេះមានបំណងបន្តការអប់រំសម្រាប់ក្មេងស្រី ប៉ុន្តែមន្ត្រីជាន់ខ្ពស់អភិរក្សនិយមបានប្រឆាំងនឹងគំនិតនេះ៕