(សហរដ្ឋអាម៉េរិក)៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូបៃដិន (Joe Biden) បានលើកសរសើរ “ការតស៊ូដើម្បីការពារ” សិទ្ធិរំលូតកូន ក្នុងអំឡុងព្រឹត្តិការណ៍ខែនៃប្រវត្តិសាស្ត្ររបស់ស្ត្រី ឬ Women’s History Month កាលពីថ្ងៃពុធសប្តាហ៍នេះ នៅឯសេតវិមាន។ អំឡុងព្រឹត្តិការណ៍នេះ ប្រមុខដឹកនាំអាម៉េរិក បានឆ្លៀតឱកាសក្នុងការថ្លែងអំណរគុណជាសាធារណៈចំពោះអនុប្រធានាធិបតី កាម៉ាឡ៉ា ហារីស (Kamala Harris) សម្រាប់ “ការដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងដើម្បីការពារ” សិទ្ធិនៃការបន្តពូជ ដែលទទួលបានការសម្របសម្រួលកាលពីឆ្នាំមុន បន្ទាប់ពីការបដិសេធជាប្រវត្តិសាស្ត្រដោយតុលាការកំពូលសហរដ្ឋអាម៉េរិក។
លោក បៃដិន ក៏បានថ្កោលទោស ច្បាប់រើសអើងមួយចំនួន ដែលផ្តោតលើអ្នកកែភេទនៅទូទាំងសហរដ្ឋអាម៉េរិក និងបានអំពាវនាវឱ្យសភាអនុម័តច្បាប់សមភាព ពាក់ព័ន្ធនឹងការការពារសិទ្ធិក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ឬ LGBTQI+ ។ អភិបាលរដ្ឋអាកានសាស (Arkansas) លោកស្រី សារ៉ា ហុកាប៊ី សាន់ឌើ (Sarah Huckabee Sanders) នៅថ្ងៃអង្គារសប្តាហ៍នេះ បានចុះហត្ថលេខាលើច្បាប់កំណត់គោលដៅលើសហគមន៍អ្នកកែភេទ ដោយហាមប្រាមអ្នកផ្លាស់ប្តូរភេទ មិនឱ្យប្រើប្រាស់បន្ទប់ទឹកដែលត្រូវជាមួយនឹងអត្តសញ្ញាណភេទ ឬយេនឌើរ របស់ពួកគេ នៅឯសាលារៀនសាធារណៈ ។ ច្បាប់ស្រដៀងគ្នានេះ ទទួលបានអនុម័តនៅក្នុងរដ្ឋអាឡាបាម៉ា និងអូក្លាហូម៉ា ដោយសំដៅទៅលើយុវជនកែភេទ ។
សមាជិកសភានៃគណបក្សសាធារណរដ្ឋ នៅទូទាំងសហរដ្ឋអាម៉េរិក បានបង្កើនយុទ្ធនាការមួយដើម្បីហាមឃាត់ការថែទាំសុខភាពមួយចំនួនសម្រាប់យុវជនជាអ្នកផ្លាស់ប្តូរភេទ ក្នុងករណីខ្លះទៀត ក៏បានដាក់បន្ទុកតាមរយៈការចោទប្រកាន់ទៅលើអាណាព្យាបាល និងវេជ្ជបណ្ឌិត ទាក់ទងនឹងការរំលោភបំពានលើកុមារ ប្រសិនបើពួកគេហ៊ានតែផ្តល់ការព្យាបាលថែទាំ ៕