អ្នកទេសចរណ៍ទាំងក្នុង និងក្រៅខេត្តកែប មានការរីករាយជាអនេក នៅពេលបានធ្វើដំណើរដល់ខេត្តកែបហើយនោះនឹងមិនភ្លេចទៅឡើងភ្នំពោន ដើម្បីទស្សនាព្រះពុទ្ធរូប និងថ្វាយបង្គំនោះទេ។
វត្តអារាមមួយនេះ ត្រូវបានអោយនាមមួយទៀតថា «សត្ថាធម្មវិហារ» ដែលមានទេសភាពគួរអោយចង់ទស្សនា ជាពិសេសបានឈរពីលើ ភ្នំគយគន់សម្រស់ផ្ទៃសមុទ្រសាគរលាតសន្ឋឹង បាត់អស់អារម្មណ៍តប់ប្រមល់ទាំងពួង។ ហើយទីអារាមនេះ មានចម្ងាយ៤០០ម៉ែត្រពីមាត់សមុទ្រ ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
វត្តនេះមានទេសភាពស្រស់ត្រកាល ព័ទ្ធជុំវិញដោយភ្នំ វាលស្រែ និងសមុទ្រដ៏ខៀវស្រងាត់ ធ្វើអោយមានផាសុខភាព ចាក់ចំអារម្មណ៍អ្នកមកទស្សនា ស្លុងទៅតាមទេសភាពដែលនាំមុខដ៏ស្រស់ស្រទន់។ ជាពិសេសបានផ្តល់នូវសក្តានុពលបែបពុទ្ធសាសនា និងដើម្បីបានលើកកម្ពស់វិស័យទេសចរណ៍ កម្ពុជា។
វត្តមួយនេះ ត្រូវបានប្រែក្លាយជាវត្តទេសចរណ៍ ដែលជាការគាំទ្ររបស់រដ្ឋបាលខេត្តកែប និងមន្ទីរទេសចរណ៍ខេត្តកែប។ ហើយវត្តនេះ មានរូបព្រះពុទ្ធរូប ដែលមានបណ្តោយ៨ ម៉ែត្រ កម្ពស់១៥ម៉ែត្រ និងត្រូវបានកសាងបានមួយឆ្នាំកន្លះមកហើយ។
វត្តដ៏ស្រស់ស្អាត ហើយទាញអារម្មណ៍អ្នកទេសចរណ៍ចូលទៅទស្សនា ដើម្បីបែរបន់ ហើយក៏ល្បីថាមានភាពពូកែ ស័ក្តិសិទ្ធណាស់ដែរ។ កត្តាបែបនេះហើយ ទើបបានធ្វើអោយអ្នកខេត្តកែបរំពឹងថា វត្តភ្នំពោននេះ ពិតជានឹងក្លាយជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយកន្លែងទៀតរបស់ខេត្តកែបមិនខាន។
ម្យ៉ាងទៀត តាមដងផ្លូវដែលទៅភ្នំនោះ ឃើញថា ក៏មានការរៀបចំឡើងវិញ ឈូសឆាយផ្លូវបានស្អាតងាយស្រួលធ្វើដំណើរទៅកម្សាន្ត។ ភាពល្អនេះហើយ ទើបព្រះចៅអធិការវត្តដែលគង់មើលការខុសត្រូវ ក្នុងវត្តខាងលើនេះ បានរៀបចំអោយបានស្អាតគ្រប់កន្លែង នៅពេលដែលមានអ្នកឧបត្ថម្ភជួយកសាង ទីអារាមនេះអោយបានល្បីឈ្មោះ ខុសពីពេលមុនឆ្ងាយណាស់៕