ក្រោមការណែនាំចង្អុលបង្ហាញពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោក ហែម ឬទ្ធី អភិបាលរងខេត្ត បានមានប្រសាសន៍អំពាវនាវចំពោះមន្ត្រីសុខាភិបាល នៅខេត្តប៉ៃលិន និងតាមមណ្ឌលសុខភាពក្នុងក្រុងប៉ៃលិន ត្រូវបន្តសេវាព្យាបាលជូនប្រជាពលរដ្ឋអោយកាន់តែឆាប់រហ័ស ល្អបន្ថែមទៀត ហើយប្រជាពលរដ្ឋអាចមកទទួលសេវាសុខាភិបាលប្រកបដោយទំនុកចិត្តនិងភាពកក់ក្តៅក្រោមដំបូលសន្តិភាពសម័យតេជោនិងការដឹកនាំដ៏ឈ្លាសវៃរបស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនផងដែរ។
លោក ហែម ឬទ្ធី អភិបាលរងខេត្ត បានថ្លែងបែបនេះក្នុងការចុះពិនិត្យមើលការផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋ និងវាយតម្លៃលើសោភ័ណភាពបរិស្ថានការងារសុខាភិបាលនិងមណ្ឌលសុខភាព ក្នុងក្រុងប៉ៃលិនចំនួន ០៣ រួមមាន៖ ០១.មណ្ឌលសុខភាពសួនកុមារ, ០២.មណ្ឌលសុខភាពអូរច្រា និង ០៣.មណ្ឌលសុខភាពក្រចាប់ ដែលស្ថិតនៅក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ហើយការអញ្ជើញចុះពិនិត្យតាមមណ្ឌលសុខភាពនេះផងដែរក៏មានការអមដំណើរចូលរួមដោយលោក ឡាយ អង្គរ៉ា អភិបាលរងក្រុងប៉ៃលិន និងលោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន។
ក្នុងឱកាសចុះពិនិត្យមើលតាមមណ្ឌលសុខភាពនោះ លោក ហែម ឬទ្ធី អភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញការងាររបស់លោកគ្រូពេទ្យ នៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ដែលបានយកចិត្តទុកដាក់ព្យាបាលជំងឺជូនពលរដ្ឋប្រកបដោយវិជ្ជាជីវៈទំនួលខុសត្រូវខ្ពស់ លើការព្យាបាលជម្ងឺគ្រប់ប្រភេទជាពិសេសជម្ងឺកុមារ ស្ត្រី និងការសង្គ្រោះបន្ទាន់ផ្សេងៗជាដើម ២៤ម៉ោង លើ ២៤ម៉ោង ដោយមិនខ្លាចនឿយហត់នោះឡើយ ដែលនេះបង្ហាញពីទឹកចិត្តដ៏ធំរបស់គ្រូពេទ្យមិនអាចកាត់ថ្លៃបាននោះទេ។ លោកអភិបាលរងខេត្តក៏បាននាំនូវបណ្តាំការសួរសុខទុក្ខ និងការកោតសរសើរដ៏ខ្ពង់ខ្ពស់របស់លោកជំទាវអភិបាលខេត្ត ជូនដល់បងប្អូនមន្រ្តីបុគ្គលិកសុខាភិបាលមណ្ឌលសុខភាពសួនកុមារ មណ្ឌលសុខភាពអូរច្រា និងមណ្ឌលសុខភាពក្រចាប់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកំលាំងកាយចិត្តក្នុងការ បំរើសេវាជូនដល់ប្រជាពលរដ្ឋលើវិស័យសុខាភិបាលកន្លងមកនេះ។
លោកអភិបាលរងខេត្ត បានសន្យាថា នឹងពាំនាំផលលំបាកនានាតាមមណ្ឌលសុខភាពជម្រាបជូនលោកជំទាវអភិបាលខេត្ត ដើម្បីធ្វើយ៉ាងណាជម្រុញសេវាសុខាភិបាលយើងកាន់តែល្អបន្ថែមទៀត ហើយប្រជាពលរដ្ឋមានភាពកក់ក្តៅជានិច្ច។ ជាមួយគ្នានេះ លោកអភិបាលរងខេត្តក៏បានលើកទឹកចិត្ត ជំរុញដល់ លោកគ្រូអ្នកគ្រូពេទ្យទំាងអស់ គោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យគ្រប់ពេលវេលាជានិច្ចផងដែរ៕ អត្ថបទ៖ លោក សុទ្ធ វ៉ាន់សៀម
វ