រាជធានីភ្នំពេញ ៖ ផ្លែបំពេញរាជ្យ ឬភាសានិយាយហៅ «ផ្លែកំពេញរាជ្យ» (Scientific name: Sandoricum koetjape, English name: Santol, Wild mangosteen) គឺជាប្រភេទផ្លែឈើមួយ ដែលប្រជាពលរដ្ឋកម្ពុជា ស្គាល់ និងនិយមទទួលទានសឹងគ្រប់ៗគ្នា ប៉ុន្តែបងប្អូនពិតជាមិនសូវចាប់អារម្មណ៍ថា ការបរិភាគផ្លែឈើនេះទាំងគ្រាប់ អាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬអាចបង្កជាគ្រោះថ្នាក់រហូតដល់ចាំបាច់ ត្រូវព្យាបាលដោយការវះកាត់ទៀតផង នេះបើយោងតាមមន្ទីរពេទ្យកាល់ម៉ែត ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ។
សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ក្នុងវចនានុក្រមខ្មែរថា ពាក្យដែលគួរតែពលរដ្ឋប្រើប្រាស់នោះ គឺ «បំពេញរាជ្យ» មិនមែន «ក្រពេញរាជ្យ» ឬ «កំពេញរាជ្យ» នោះទេ។ «បំពេញរាជ្យ» ជាផ្លែឈើដែលមានរសជាតិជូរ មានគ្រាប់ផ្អែម ឬជូរ។ ខ្មែរពីដើម ហៅឈ្មោះ «ផ្លែបំពេញរាជ្យ» ម្យ៉ាងទៀតថា «ផ្លៃលោះ» ដែលមានប្រភេទស្លឹកធំៗស្រដៀងនឹងស្លឹកពង្រ, ផ្លែមូលសំបកក្រាស់, សាច់ជ្រាកមានសរសៃស្វិតជាប់នឹងគ្រាប់, ខ្លះមានរសជូរ ខ្លះជូរអែម, សំបកផ្លៃប្រើជាបន្លែស្លម្ជូរ។ រហូតមកដល់សម័យ ព្រះបាទសម្តេច ព្រះឧទ័យរាជ (ក្សត្រិយ៍កម្ពុជរដ្ឋ) ទ្រង់សព្វព្រះរាជហឫទ័យ ទ្រង់ប្រោសព្រះរាជទាន ឈ្មោះឲ្យហៅថា «បំពេញរាជ្យ» វិញ ទើបជាប់ឈ្មោះ រហូតមកដល់សព្វថ្ងៃនេះ។
ក) តើប្រព័ន្ធរំលាយអាហាររបស់មនុស្សអាចរំលាយ ឬកិនបំបែកគ្រាប់ផ្លែបំពេញរាជ្យនេះ បានដែរ ឬទេ ?
ជាធម្មតាគ្រាប់ផ្លែបំពេញរាជ្យ មិនអាចរំលាយ ឬកិនបំបែក ដោយសារទឹកអាស៊ីតក្រពះ និងសរីរាង្គផ្សេងៗ នៃប្រព័ន្ធរំលាយអាហាររបស់មនុស្សបានឡើយ។ គ្រាប់ផ្លែនេះ នឹងត្រូវបន្តបញ្ជូនទៅតាមពោះវៀនតូច ហើយមកស្តុកទុកចុងបញ្ចប់ក្នុងផ្នែកខាងចុង នៃពោះវៀនធំ (Rectum និង Sigmoïde) មុនបន្ទោរបង់ចេញមកជាមួយលាមក ។
ខ) ផលវិបាកដែលបង្កឡើង ដោយគ្រាប់ផ្លែបំពេញរាជ្យ ក្នុងប្រព័ន្ធរំលាយអាហារមនុស្ស ៖
- រំខានដល់ការរំលាយអាហារនិងចលនាបញ្ជូនចំណីក្នុងក្រពះពោះវៀនដែលធ្វើឲ្យមានអាការៈ ឆាប់ឆ្អែត ចុកឆ្អល់ ឈឺពោះមួល ចង្អោរ ឬក្អួតជាដើម។
- បង្កឲ្យរលាកតាមផ្លូវរំលាយអាហារដែលមានអាការៈ ចុកពោះ រាគមួល និង គ្រុនក្ដៅ។
- បង្កឲ្យលាមករឹងក្ដៀន ពិបាកបន្ទោរបង់។
គ) ផលវិបាកធ្ងន់ធ្ងរ ៖
១. គ្រាប់បំពេញរាជ្យកកស្ទះយូរក្នុងពោះវៀនធំ ដែលនៅលាយឡំនឹងលាមកក្ដៀនបង្កឲ្យពោះវៀនបាត់បង់សមត្ថភាពរុញកាកសំណល់ចេញមកក្រៅ ធ្វើឲ្យអ្នកជំងឺមិនអាចជុះលាមកច្រើនថ្ងៃ រហូតដល់តឹងពោះខ្លាំង ហូបមិនបាន និងមានការក្អួតខ្លាំងក្រោយហូបអាហារ។
២. គ្រាប់បំពេញរាជ្យ ដែលកកស្ទះយូរក្នុងពោះវៀន បានកកិតនឹងភ្នាសពោះវៀន ដែលកំពុងរលាក គឺអាចបង្កឲ្យមានការចាក់មុតធ្លុះដាច់ធ្លាយពោះវៀន សាយភាយលាមកនិងមេរោគ បណ្ដាលឲ្យរលាកស្រោមពោះធ្ងន់ធ្ងរ (Péritonite) ដែលពេលខ្លះការមកដល់មន្ទីរពេទ្យយឺតយាវរបស់អ្នកជំងឺ ធ្វើឲ្យមានការលំបាកក្នុងការសង្គ្រោះអាយុជីវិត ទោះបីបានព្យាបាលដោយការវះកាត់ក៏ដោយ។
ឃ) ជាទូទៅផលវិបាកធ្ងន់ធ្ងរទាំងនេះងាយកើតលើបុគ្គល ៖
- មនុស្សវ័យចំណាស់ ដែលមានប្រព័ន្ធរំលាយអាហារខ្សោយស្រាប់។
- មនុស្សមានជំងឺផ្លូវរំលាយអាហារស្រាប់ អ្នកឧស្សាហ៍ក្ដៀនលាមកដែលជារឿយៗពិបាកបន្ទោរបង់។
- មនុស្សមានជំងឺប្រចាំកាយ និងប្រព័ន្ធភាពស៊ាំចុះខ្សោយដែលងាយឆ្លងរោគ ហើយងាយរលាកផ្លូវអាហារ ដូចជាអ្នកកើតជំងឺទឹកនោមផ្អែម និងអ្នកកើតជំងឺឱកាសនិយមផ្សេងៗជាដើម។
- មនុស្សប្រើថ្នាំជំងឺប្រចាំកាយស្រាប់មួយចំនួន ដែលថ្នាំខ្លះមានសកម្មភាពឲ្យចលនាពោះវៀនថយចុះ (ថ្នាំមួយចំនួនក្នុងជំងឺប្រព័ន្ធប្រសាទ និងជំងឺផ្លូវចិត្ត)។
ង) វិធីព្យាបាលផលវិបាកនៃការលេបគ្រាប់ផ្លែបំពេញរាជ្យ ៖
- ក្នុងករណីហូបគ្រាប់ផ្លែបំពេញរាជ្យចំនួនតិច អាចបង្កផលវិបាកកម្រិតស្រាល ដែលទាមទារការព្យាបាលដោយប្រើថ្នាំបន្ទន់លាមក ក្នុងគោលបំណងឲ្យបានបន្ទោរបង់គ្រាប់បំពេញរាជ្យទាំងនោះចេញមកវិញ។
- តែផ្ទុយទៅវិញ ក្នុងករណីអ្នកជំងឺមានផលវិបាកធ្ងន់ធ្ងរទាំងពីរដូចបានរៀបរាប់ខាងលើ គឺចាំបាច់ព្យាបាលដោយការវះកាត់ក្នុងគោលបំណងយកគ្រាប់ផ្លែបំពេញរាជ្យ និងលាមកដែលកកស្ទះក្នុងពោះវៀនចេញ ហើយលាងសម្អាតស្រោមពោះ ព្រមទាំងវះកាត់ពោះវៀនធ្លាយទៅតាមក្បួនវេជ្ជសាស្ត្រ។
ក្នុងរយៈពេលមួយខែចុងក្រោយនៅមន្ទីរពេទ្យកាល់ម៉ែត បានទទួលព្យាបាលអ្នកជំងឺចំនួន៤នាក់ ដែលបានពិសាផ្លែបំពេញរាជ្យទាំងគ្រាប់ ក្នុងនោះ១នាក់វ័យចាស់អាយុជាង៧០ឆ្នាំរងផលវិបាកកម្រិតស្រាលដោយសារគាត់ពិសាតិចគ្រាប់ គឺទទួលការព្យាបាលដោយថ្នាំ និង ៣នាក់រងផលវិបាកធ្ងន់ធ្ងរ (១នាក់អាយុ២៧ឆ្នាំ និង២នាក់ទៀតចន្លោះអាយុពី ៦០ឆ្នាំ ទៅ ៨០ឆ្នាំ) ដោយបង្កឲ្យធ្លាយពោះវៀនធំ និងសាយភាយមេរោគបណ្ដាលឲ្យរលាកស្រោមពោះខ្លាំង ហើយតម្រូវព្យាបាលដោយការវះកាត់។ តែទោះយ៉ាងណាអ្នកជំងឺបានធ្លាក់ក្នុងសភាពលំបាកក្នុងការសង្គ្រោះជីវិត។
ដូចនេះសូមបងប្អូនមេត្តាកុំបរិភោគគ្រាប់ផ្លែឈើធំៗ ដែលមិនអាចរំលាយក្នុងប្រព័ន្ធរំលាយអាហារមនុស្សយើងបាន ដូចជាគ្រាប់ផ្លែបំពេញរាជ្យនេះជាដើម ដើម្បីចៀសវាងផលប៉ះពាល់ដល់សុខភាព និងគ្រោះថ្នាក់ដល់អាយុជីវិត ៕