ខេត្តកំពត ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវដែក កាលពីវេលាម៉ោង១១និង១៥នាទីថ្ងៃត្រង់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ រវាងរថយន្តនិងរថភ្លើង នៅលើកំណាត់ផ្លូវដែកចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៣-១៨៤ ស្ថិតក្នុងភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោខេត្តកំពត ។
សមត្ថកិច្ចបានឲ្យដឹងថា ខណៈពេលរថភ្លើងមកដល់ចំណុចផ្លូវខ្វែងមិនមានសញ្ញាឬឆ្មាំយាមបិទប៉ារ៉ាស់ទេ នៅពេលរថភ្លើងឆ្លងកាត់ក៏វាក់ជាមួយរថយន្តព្រូស ដែលបើកចេញពីផ្លូវពន្ធនាគារ មកកាត់ទទឹងផ្លូវដែក ទើបបណ្តាលឱ្យបុ.កលាន់ដូចរន្ទះតែម្តង ។
សមត្ថកិច្ចនិយាយបន្តថា អ្នកបើកបររថភ្លើងមានគ្នា២នាក់ ម្នាក់ឈ្មោះ ម៉ី ចាន់ទី ភេទប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅភូមិស្វាយប៉ោ ឃុំវត្តដំរីស ស្រុកសង្កែ ខេត្តបាត់ដំបង មិនមានរងរបួសទេ និងម្នាក់ទៀតឈ្មោះ ស៊ុន វណ្ណដារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិប៉ុសញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ។ ទាំង២នាក់បើកបររថភ្លើងដឹកអ្នកដំណើរ ពណ៌ក្រហម-ខ្មៅ ពាក់ផ្លាកលេខ AS1002 មានទិសដៅពីខេត្តព្រះសីហនុ មកខេត្តកំពត ។
សមត្ថកិច្ចបានឱ្យដឹងបន្តថា លុះមកដល់កន្លែងកើតហេតុបានបុកប៉ះជាមួយរថយន្ត១គ្រឿង ម៉ាកព្រូស ពណ៌បៃតងខ្ចី ពាក់ផ្លាកលេខភ្នំពេញ2BN 9350 ដែលមានទិសដៅចេញពីពន្ធនាគារ បើកឆ្លងផ្លូវលំកាត់ទទឹងផ្លូវដែក តែការបើកបរនោះមិនបានបង្អង់ល្បឿន ទើបពេលឡើងដល់កំណាត់ផ្លូវដែកក៏ត្រូវរថភ្លើងមកដល់ល្មមបុ.កនៅពេលឆ្លងផ្លូវតែម្តង ដោយអូសពីផ្លូវលំខ្វែងផ្លូវដែកបានចម្ងាយ៤៩ម៉ែត្រទើបឈប់ បណ្តាលឲ្យរថយន្តខូចខាតយ៉ាងដំណំ ។ មានមនុស្យជិះក្នុងរថយន្ត៤នាក់ ក្នុងនោះអ្នកបើកបររងរបួសធ្ងន់ ។ រីឯអ្នករួមដំណើរ៣នាក់ រងរបួសស្រាល ក្នុងនោះមានកុមារ២នាក់ផងទំនងជាក្រុមគ្រួសារ ។ ជនរងគ្រោះ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យស៊ិនយ៉ាឃៀល(ចំការដូង) ។
អ្នកបើកបររថយន្តឈ្មោះ ផាត សុភ័ក្ក្រ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត (រងរបួសធ្ងន់) បញ្ជូនមកសំរាកព្យាបាលនៅមន្ទីរពេទ្យស៊ុនយ៉ាឃៀល ។ ៣នាក់ដែលរួមដំណើរមាន៖ ១-ឈ្មោះ គង់ ស្រីហុង ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែកអំពិល សង្កាត់កោះតូចក្រុងបូកគោ ខេត្តកំពត រងរបួសស្រាល ។ ២-ឈ្មោះ សុភ័ក្ក្រ ហុងឡុង ភេទ ប្រុស អាយុ៣ឆ្នាំ របួសស្រាល និង៣-ឈ្មោះ ចាន ស្រីពេជ្រ ភេទស្រី អាយុ៧ឆ្នាំត្រូវជាក្មួយ រស់នៅជាមួយគ្នារបួសស្រាល។
ចំណែកវត្ថុតាង រថយន្តបានយកមករក្សាទុកនៅអធិការរដ្ឋានក្រុងបូកគោជាបណ្តោះអាសន្ន ចំណែករថភ្លើងដឹកអ្នកដំណើរក៏បានបន្តដំណើរទៅមុខទៀតឆ្ពោះមករាជធានីភ្នំពេញ ៕