ព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៣ ក្រោមការណែនាំចង្អុលបង្ហាញពីសំណាក់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានចាត់អោយ លោកហែម ឬទ្ធី អភិបាលរងខេត្ត អមដំណើរដោយលោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះពិនិត្យមើលការផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋ និងវាយតម្លៃលើសោភ័ណភាពបរិស្ថានការងារសុខាភិបាលនិងមណ្ឌលសុខភាពផ្សារព្រំនិង នៅមណ្ឌលសុខភាពភ្នំស្ពង់។
ក្នុងឱកាសចុះពិនិត្យមើលនេះ លោក ហែម ឬទ្ធី អភិបាលរងខេត្ត បានចុះពិនិត្យមើលការផ្តល់សេវា ការប្រឹក្សាយោបល់អ្នកជម្ងឺ បន្ទប់ព្យាបាល និង ឃ្លាំងឱសថរបស់មន្ទីរពេទ្យ និងបានណែនាំ ដល់មន្រ្តីបុគ្គលិកទាំងអស់ អោយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញអោយបានគ្រប់ៗគ្នា ជាគំរូដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ហើយលោកអភិបាលរងខេត្តបានពាំនាំនូវបណ្តាំការសួរសុខទុក្ខ និងការកោតសរសើរដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ជូនដល់បងប្អូនមន្រ្តីបុគ្គលិកសុខាភិបាលមណ្ឌលសុខភាពផ្សារព្រំនិងមណ្ឌលសុខភាពភ្នំស្ពង់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកំលាំងកាយចិត្តក្នុងការ បំរើសេវាជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាពខ្ពស់និងវិជ្ជាជីវៈគួរជាទីមោទនៈផងដែរ ។
លោកអភិបាលរងខេត្ត ក៏បានឆ្លៀតពេលវេលាសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដែលបាននាំកូនទទួលសេវានៅមណ្ឌលសុខភាព និង អ្នកជំងឺដែលបានមកសំរាលកូន និងសំរាកក្នុងមន្ទីរពេទ្យប្រកបដោយភាពកក់ក្តៅ។ហើយលោកអភិបាលរងខេត្តក៏បានលើកទឹកចិត្តអោយបងប្អូន បន្តប្រើប្រាស់សេវាសុខាភិបាលរបស់រដ្ឋ ដែលនៅជិតបងប្អូនបំផុត និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់អោយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ អោយបានគ្រប់ៗគ្នា តាមការណែនាំរបស់រាជរដ្ឋាភិបាលហើយទទួលសេវាសុខាភិបាលតាមមណ្ឌលសុខភាពប្រកបដោយទំនុកចិត្ត ហើយមិនប្រកាន់និន្នាការនយោបាយអ្វីនោះទេ ។
លោក ហែម ឬទ្ធី អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនជាមន្រ្តីបុគ្គលិកសុខាភិបាលតាមមណ្ឌលសុខភាពទាំងអស់ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ព្រមទាំងសំណូមពរ អោយពួកគាត់បន្តនូវសកម្មភាពដ៏ប្រពៃ និងគួរជាទីគោរពនេះបន្តទៀត ដើម្បីធ្វើយ៉ាងណា អោយសេវាសុខាភិបាលនៅខេត្តប៉ៃលិនយើង ប្រកបដោយប្រសិទ្ធភាព កាន់តែខិតជិតប្រជាពលរដ្ឋ និងអាចរកការព្យបាលបានគ្រប់ពេលប្រជាពលរដ្ឋត្រូវការជានិច្ចក្រោមដំបូលសុខសន្តិភាពសម័យតេជោ ហ៊ុន សែន៕ អត្ថបទ៖ លោក សុទ្ធ វ៉ាន់សៀម