(អន្តរជាតិ)៖ លោក Jack Keane អតីតអនុសេនាធិការរងនៃកងទ័ពអាមេរិកបានអះអាងថា ប្រទេសចិនអាចយកឈ្នះលើកោះតៃវ៉ាន់ ដោយមិនចាំបាច់បាញ់អស់សូម្បីមួយគ្រាប់ ហើយអាមេរិកនឹងមានភាពលំបាក ប្រសិនបើចូលរួមក្នុងការប្រឈមមុខដាក់គ្នាផ្នែកយោធា ។ លោក Keane លើកឡើងថា ទីក្រុងប៉េកាំងទំនងជានឹងជ្រើសរើសយកយុទ្ធសាស្ត្រផ្សេង ជាជាងការប្រឈមមុខដាក់គ្នាផ្នែកយោធា ហើយយុទ្ធសាស្ត្រដែលចិនព្យាយាមធ្វើឲ្យតៃវ៉ាន់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននោះ គឺធ្វើការបិទផ្លូវទាំងអស់ដូចជា ដែនអាកាស និងផ្លូវសមុទ្រជាដើម ។ ឧត្តមសេនីយចូលនិវត្តន៍រូបនេះបានបញ្ជាក់ថា “ប្រទេសចិនមាននាវាចម្បាំង និងយន្តហោះ ក៏ដូចជាមីស៊ីលវាយលុកច្រើនជាងសហរដ្ឋអាមេរិកនៅតំបន់ប៉ាស៊ីហ្វិកខាងលិច ដូច្នេះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គួរតែបង្កើនការផលិតសព្វាវុធ ក៏ដូចជាការកាត់បន្ថយទ្វេដងលើការផ្តល់អាវុធដល់ក្រុងតៃប៉ិ” ។ទន្ទឹមនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មន្ត្រីជាន់ខ្ពស់ចិន រួមទាំងលោកប្រធានាធិបតី Xi Jinping បានអះអាងម្តងហើយម្តងទៀតថា ជម្រើសយោធាទាក់ទិននឹងកោះតៃវ៉ាន់ គឺមិនស្ថិតនៅក្នុងយុទ្ធសាស្ត្រ ឬនៅលើតុអនុវត្តរបស់ចិនឡើយ ។ ដោយឡែកនៅក្នុងការថ្លែងបិទសមាជសភាប្រជាជនជាតិ (NPC) កាលពីពេលថ្មីៗនេះ លោក Xi ក៏បានប្ដេជ្ញាប្រឆាំងនឹងកំណែទម្រង់គាំទ្រឯករាជ្យភាពនៅកោះតៃវ៉ាន់ផងដែរ ពោលបន្ទាប់ពីមួយសប្តាហ៍ ដែលសភារបស់ចិនបានប្រគល់អាណត្តិទី ៣ ដល់លោក Xi បន្តធ្វើជាប្រធានាធិបតី ។
គួររំឭកឡើងវិញថា តៃវ៉ាន់មានឯករាជ្យពិតប្រាកដតាំងពីឆ្នាំ ១៩៤៩ នៅពេលដែលភាគីចាញ់ក្នុងសង្គ្រាមស៊ីវិលចិនបានភៀសខ្លួនទៅកាន់កោះនេះ និងបានបង្កើតរដ្ឋបាលរបស់ខ្លួន ហើយប្រទេសចិនបានចាត់ទុកតៃវ៉ាន់ជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន ៕