(ចិន)៖កិច្ចប្រជុំនៃមហាសន្និបាតសភា តំណាងប្រជាជនទូទាំងប្រទេសចិន (NPC) ដែលបានបើកកាលពីពេលថ្មីៗនេះ បានក្លាយជាថ្ងៃធ្វើការចុងក្រោយរបស់លោក Li Keqiang ជានាយករដ្ឋមន្ត្រីចិន ។ ក្នុងនោះលោក Li Qiang អាចនឹងបន្តតំណែងជានាយករដ្ឋមន្ត្រីជំនួសលោក Li Keqiang ដោយសារតែអតីតមន្ត្រីបក្សកុម្មុយនិស្តកំពូល នៃទីក្រុងសៀងហៃរូបនេះ គឺជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ ហើយបច្ចុប្បន្នលោកជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងការដឹកនាំគណបក្ស ។
ពាក់ព័ន្ធនឹងសមិទ្ធិផលក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ, លោក Li Keqiang ផ្តោតលើរបៀបដែលទីក្រុងប៉េកាំងដោះស្រាយបញ្ហាប្រឈមនៃភាពចលាចលអន្តរជាតិ និងការរាតត្បាតនៃមេរោគឆ្លងកូវីដ ១៩ ដើម្បីជំរុញសេដ្ឋកិច្ចឲ្យដើរទៅមុខប្រកបដោយស្ថិរភាព ។ ចំណែករឿងរ៉ាវនៅលើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងអះអាងថាជារបស់ខ្លួននោះ លោក Li Keqiang បាននិយាយថា ទីក្រុងប៉េកាំងគួរតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់ និងជំរុញឲ្យមានដំណើរការបង្រួបបង្រួមដោយសន្តិវិធីផងដែរ ។
លោកបានបន្តថា “ក្នុងនាមយើងជាជនជាតិចិន ជាពិសេសនៅច្រកសមុទ្រតៃវ៉ាន់ យើងគឺជាគ្រួសារដែលមានឈាមជ័រតែមួយ ដូច្នេះយើងគួរតែជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាដើម” ។គួរបញ្ជាក់ថា កិច្ចប្រជុំនៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) ដែលបានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ នឹងក្លាយជាការចាប់ផ្តើមនៃអាណត្តិទី ៣ របស់ប្រធានាធិបតីដ៏មានឥទ្ធិពលរបស់ចិនគឺលោក Xi Jinping ៕