(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងអំពាវនាវ ឲ្យសប្បុរសជននានា សូមចូលរួមកសាងអន្តេវាសិកដ្ឋាននៅតាមសាលារៀននានា សម្រាប់ស្ត្រី ដែលមានសិស្សស្រី និងអ្នកគ្រូស្នាក់នៅ។ នេះជាការថ្លែង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញ ជាអធិបតីភាពអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា លើកទី១១២ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា «យើងបានធ្វើច្រើនហើយ ក៏ប៉ុន្តែមានសិស្សស្ត្រីជាច្រើន ដែលខ្វះកន្លែងស្នាក់នៅ។ ដូច្នេះនៅពេលដែលយើងកសាងសាលារៀនបន្ថែម យើងក៏ត្រូវតែកសាងកន្លែងស្នាក់នៅ សម្រាប់ស្ត្រីបន្ថែមទៀតដែរ»។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៍បានបញ្ជាក់ថា «យើងខិតខំជំរុញសិស្សិស្រីនៅថ្នាក់មធ្យម ក៏ដូចជាជំរុញសិស្សស្រីដល់ថ្នាក់ឧត្ដមសិក្សាដែរ។ ខ្ញុំចង់កាត់បន្ថយគម្លាត ដោយចង់ឲ្យសិស្សស្រីនៅតាមជនបទ មានកន្លែងសិក្សាហើយមានកន្លែងស្នាក់នៅ»។ សម្តេច នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបន្តថា «ឪពុកម្ដាយ អាណាព្យាបាលបារម្ភកូនស្រីទៅរៀននៅឆ្ងាយ ក៏ប៉ុន្តែប្រសិនបើយើងរៀបចំកន្លែងស្នាក់នៅឲ្យ គឺបង្កភាពងាយស្រួលដល់ស្ត្រីដែលជាគ្រូបង្រៀន និងក្មេងស្រីអាចសិក្សារៀនសូត្រ»៕