ប៉ៃលិន៖ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ លោក ហុក សុផល ក្នុងនាមលោកជំទាវ បាន ស្រីមុំ ប្រធានមូលនិធិចាស់ជរា និងជាអភិបាលខេត្តប៉ៃលិន បានដឹកនាំ យុវជន សសយក យុវជនកាកបាទក្រហម ក្រុមការងារមូលនិធិ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជាមួយលោកតា លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ពីក្រុមការងាររបស់មូលនិធិនៅតាមគោលដៅទាំង៣។
លោក ហុក សុផល បានមានប្រសាសន៍លើកឡើងថា៖ មូលនិធិនេះបានបង្កើតឡើងក្នុងគោលបំណង និងទិសដៅជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរដើម្បីចិញ្ជឹមជីវិតបាន ក៍ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែរទាំសុខភាពលោកយាយលោកតា ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែ អំពើល្អ។
លោក ក៏បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ប្រធានមូលនិធិ ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ចកាលឯកឧត្តម និងលោកជំទាវ តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន។
នៅក្នុងឱកាសនោះផងដែរ លោក ហុក សុផល ក៍បានមានប្រសាសន៍អំពាវនាវដល់លោកយាយ លោកតាទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងសម្រានក្នុងមុងជានិច្ច ដើម្បីជៀសវាងការកើតមានជំងឺតម្កាត់ផ្សេងៗផងដែរ។
សូមបញ្ជាក់ថា៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតា ក្រុមការងារមូលនិធិត្រូវបានបែងចែកជា ៣ក្រុម គឺក្រុមទី១ បើកផ្តល់ជូនលោកយាយលោកតានៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តប៉ៃលិន, ក្រុមទី២ នៅសាលាឃុំអូរអណ្តូង និងក្រុមទី៣ នៅសាលាឃុំស្ទឹងត្រង់ ដោយមូលនិធិ បានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ជូនដល់លោកយាយ លោកតា ចំនួន៤៩នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូ មី១កេស អាវរងា១ ជែលលាងដៃ១ដប និងថវិកា១០០,០០០រៀល(មួយសែនរៀលគត់)៕ អត្ថបទ៖ លោក សុទ្ធ វ៉ាន់សៀម