(ប៉ៃលិន)៖ រយៈពេល២ថ្ងៃជាប់គ្នា គឺថ្ងៃទី៣ និងព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៣ ឯកឧត្តម ស្លេះ យូរ ប្រធានអនុគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាក្រុងប៉ៃលិន បានដឹកនាំសមាជិកសមាជិកាអនុគណៈកម្មការសាខា ចុះផ្សព្វផ្សាយស្ដីពីជំងឺគ្រុនផ្ដាសាយបក្សី H5N1 ដល់ក្រុមអ្នកស្ម័គ្រចិត្តភូមិ សិស្សានុសិស្ស ព្រមទាំងបងប្អូនអាជីវករ នៅក្នុងក្រុងប៉ៃលិន ក្នុងគោលបំណង ដើម្បីឲ្យពួកគាត់បានយល់ដឹងពីរោគសញ្ញា នៃជំងឺគ្រុនផ្ដាសាយបក្សី H5N1 ព្រមទាំងមានវិធានការការពារ។ពិធីនេះប្រព្រិត្តធ្វើនៅ៣ទីតាំងផ្សេងៗ នៅមណ្ទលសុខភាពអូរច្រា ស្ថិតក្នុងសង្កាត់ទូលល្វា នៅអនុវិទ្យាល័យប៉ាងរលឹម ក្នុងសង្កាត់អូរតាវ៉ៅ និងក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
ឯកឧត្តម ស្លេះ យូរ ប្រធានអនុគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាក្រុងប៉ៃលិន បានមានប្រសាសន៍ថា៖ ដោយមានការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តប៉ៃលិន តែងតែគិតគូរពីសុខមាលភាព របស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ខណៈរយៈចុងក្រោយនេះ មានការលិចចេញនូវជំងឺឆ្លងមួយប្រភេទ ជាជំងឺគ្រុនផ្ដាសាយបក្សី H5N1 ហើយបានបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។ ឯកឧត្តមប្រធានអនុគណៈកម្មការ មានប្រសាសន៍បន្តថា៖ ជំងឺផ្តាសាយបក្សី ជាប្រភេទជំងឺម្យ៉ាង ដែលចម្លង ពីសត្វស្លាប មកមនុស្ស តាមរយៈការចាប់កាន់ ឬបរិភោគសាច់សត្វឈឺ ឬងាប់ ដោយសារមានផ្ទុកវីរុស ប៉ុន្តែទោះបី ជាយ៉ាងណា ជំងឺនេះត្រូវបានកម្ចាត់ ដោយសារការមានអនាម័យ ក្នុងជីវិតរស់នៅ ។ម្យ៉ាងទៀតបើបងប្អូនមានការសង្ស័យ ដូចជា មានរោគសញ្ញាផ្លូវដង្ហើម គ្រុនក្ដៅ ឈឺក ក្អក ឬហត់ និងមានប្រវត្តិប៉ះពាល់ ជាមួយសត្វបក្សីងាប់ ទាំងបក្សីស្រុក និងបក្សីព្រៃ សូមទៅពិគ្រោះជំងឺ និងធ្វើតេស្ត ឬទៅមណ្ឌលសុខភាព ដែលនៅជិតផ្ទះបំផុត។ឯកឧត្តមប្រធានអនុគណៈកម្មការ ក៍បានបញ្ជាក់ផងដែរថា៖ កន្លងមកទៅថ្មីៗនេះ ប្រទសកម្ពុជាយើង មានករណីកើតជំងឺគ្រុនផ្តាសាយបក្សី H5N1បណ្តាលឲ្យកុមារីម្នាក់ នៅខេត្តព្រៃវែង ត្រូវបានបាត់បង់អាយុជីវិត ព្រោះតែជំងឺដ៍សាហាវនេះ ចំណែកឪពុក ក៍មានជំងឺប្រភេទនេះដែរ ប៉ុន្តែ ត្រូវបានក្រុមគ្រូពេទ្យជំនាញ ធ្វើការព្យាបាលរហូតបានជាសះស្បើយ និងត្រលប់ទៅផ្ទះវិញផងដែរ។ ជាមួយគ្នានេះដែរឯកឧត្តមប្រធាន ក៍បានពន្យល់ពីរបៀប ដើម្បីការពារ ការកើតមានជំងឺគ្រុនផ្តាសាយបក្សី H5N1 ដោយបងប្អូនត្រូវគប្បីអនុវត្តតាមវិធីខាងក្រោម៖ អនាម័យដៃ៖ លាងដៃមុនពេលបរិភោគអាហារ បន្ទាប់ពីចេញពីបង្គន់កាន់ឬកើបកាកសំណល់សត្វ និងបន្ទាប់ពីការថែទាំអ្នកជំងឺ ត្រូវលាងដុសសម្អាតដៃនឹងសាប៊ូឱ្យស្អាត ។ អនាម័យផ្លូវដង្ហើម៖ នៅពេលក្អកឬកណ្តាស់ ខ្ទប់មាត់របស់អ្នក ។ សុវត្ថិភាពម្ហូបអាហារ៖ ផលិតផលសាច់ និងស៊ុត ត្រូវចម្អិនឱ្យឆ្អិនល្អ ។ កុំបរិភោគសត្វឈឺ ឬងាប់ដោយជំងឺ ។ បើមានរោគសញ្ញាសង្ស័យណាមួយ គួរតែប្រញាប់មកជួប ជាមួយគ្រូពេទ្យ និងត្រូវរាយការណ៍ ពីស្ថានភាពជំងឺជាបន្ទាន់ផងដែរ។
សូមបញ្ជាក់ដែរថា៖ ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺឆ្លង ក្នុងចំណោមពពួកបក្សី ឬសត្វស្លាប តែអាចមានការឆ្លងជំងឺនេះ មកលើមនុស្ស ហើយអាចបង្កជាជំងឺធ្ងន់ធ្ងរ និងមានអត្រាស្លាប់ខ្ពស់ ហើយក្រសួងសុខាភិបាល ក៍បានឲ្យដឹងដែរថា ជំងឺផ្តាសាយបក្សីនេះចាប់ផ្តើមកើតមាននៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ ២០០៥ ដោយមានអ្នកឆ្លងជំងឺនេះសរុបចំនួន ៥៧ នាក់ ក្នុងនោះ ៣៨ នាក់បានស្លាប់ ផងដែរ៕អត្ថបទ សេង សុវណ្ណារិទ្ធ