ប៉ៃលិន៖ រសៀលថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំសិក្សាឆ្នាំ២០២១-២០២២ និងលើកទឹសដៅបន្ត ឆ្នាំសិក្សា២០២២-២០២៣ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានធ្វើរបាយការណ៍ថា៖ សន្និបាតប្រចាំឆ្នាំដែលមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានធ្វើឡើងនាពេលនេះ ក្នុងគោលបំណងបូកសរុបវាយតម្លៃការងារដែលបានអនុវត្តឆ្នាំសិក្សាកន្លងមក និងលើកទិសការងារសម្រាប់ឆ្នាំសិក្សាបន្តទៀត ហើយក្នុងរយៈពេល ០១ថ្ងៃកន្លះ អង្គសន្និបាទ បានដំណើរការប្រកបដោយភាពល្អប្រសើរ ដែលមន្ទីរ និងអង្គការដៃគូអភិវឌ្ឍន៍ បានធ្វើបទអន្តរាគមន៍ អំពីគម្រោងសម្រាប់ការអភិវឌ្ឃន៍ក្នុងវិស័យអប់រំរួមមាន៖ ការកសាងសាលារៀន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង សមិទ្ធផលសាលារៀន ដែលជាអំណោយរបស់លោកជំទាវអភិបាលខេត្ត នឹងត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ និងបង្គន់អនាម័យនៅតំបន់ដាច់ស្រយោល ព្រមទាំងការជួយទាំងសម្ភារៈបង្រៀន សម្ភារៈសិក្សា វិធីសាស្ត្របង្រៀន និងដំណើរការគ្រប់គ្រងទប់ស្កាត់សិស្សបោះបង់ការសិក្សាផងដែរ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នវិស័យអប់រំនៅខេត្តប៉ៃលិន កំពុងតែមានការវិវត្តន៍រីកចម្រើនជាបន្តបន្ទាប់ បើទោះបីជាឆ្នាំសិក្សាប៉ុន្មានឆ្នាំមកនេះ បានរងផលប៉ះពាល់ពីការឆ្លងរីករាលជាសកលនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៍លទ្ធផល នៅឆ្នាំសិក្សា២០២១-២០២២ ខេត្តប៉ៃលិន ទទួលបានសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេស A ចំនួន២នាក់ ដែលជាសិស្សស្រី និងទទួលបានរង្វាន់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនាពេលថ្មីៗនេះ គួរជាទីមោទនបំផុត ។
លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍វាយតម្លៃខ្ពស់ និងកោតសរសើដល់ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា និងលោកអ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងក្នងការអនុវត្តការងារ ពិសេសក្នុងអំឡុងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានខិតខំប្រឹងប្រែងរៀបចំយន្តការក្នុងការបង្រៀនតាមរូបភាពផ្សេងៗដូចជា៖ ការបង្រៀនពីចម្ងាយ ការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក (Online) ការរៀនជាបណ្តុំ និងការចែកសន្លឹកកិច្ចការដល់សិស្សានុសិស្ស ជាដើម ជាពិសេសសូមថ្លែងអំណរគុណដល់ អង្គការដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងអ្នកពាក់ព័ន្ធ ដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃ សម្រាប់គាំទ្រដល់វិស័យអប់រំ ក្នុងខេត្តប៉ៃលិន ទាំងផ្នែកបច្ចេកទេស ថវិកា និងកិច្ចសហប្រតិបត្ដិការនានា ដើម្បីពង្រឹងគុណភាពអប់រំ ឆ្លើយតបតម្រូវការនៃការរីកចម្រើនរបស់ប្រទេសជាតិ ក្រោមដំបូលសុខសន្តិភាពបរិបូណ៌មិនអាចកាត់ថ្លៃបាននោះឡើយ ។
ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ដល់បុគ្គលិកអប់រំទាំងអស់ ពិសេសលោកគ្រូ អ្នកគ្រូ និងនាយកសាលានានា ត្រូវពង្រឹងនូវការគ្រប់គ្រងសាលារៀនឱ្យមានវិន័យល្អ ដើម្បីឲ្យប្រព័ន្ធអប់រំ ក្នុងខេត្ត កាន់តែមានភាពរឹងមាំ និងល្អប្រសើបន្ថែមទៀត ជាពិសេសត្រូវចូលរួមចំណែកអនុវត្ដន៍គោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ដិភាព ដែលធ្វើឱ្យស្របគ្នាទាំងការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីពង្រឹងសកម្មភាពអប់រំ កីឡា និងជំរុញឱ្យមានការចូលរួម ព្រមទាំងបន្ដពង្រឹងកិច្ចសហការ និងពង្រីកទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍នានា ។
បើតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា៖ ក្នុងឆ្នាំសិក្សាថ្មី ២០២២-២០២៣ មានបុគ្គលិកអប់រំសរុបចំនួន ៨៥៨នាក់ ស្រី ៤១៨នាក់ និងគ្រឹះស្ថានសិក្សាទូទាំងខេត្ត ផ្នែកមធ្យមសិក្សាមាន ចំនួន ៩សាលា ក្នុងនោះវិទ្យាល័យចំនួន ៣ និងអនុវិទ្យាល័យចំនួន ៦ មានសិស្សសរុប ៥,៤៨៥នាក់ ស្រី ២,៩៨០នាក់ ផ្នែកបឋមសិក្សាមានចំនួន ៥៣សាលា សិស្សសរុប ១០,២៣១នាក់ ស្រី ៥,០២៧នាក់ ផ្នែកមត្តេយ្យសិក្សាសាធារណៈមានចំនួន ២៥សាលា សិស្សសរុប ១,១៥៨ នាក់ ស្រី ៥១៦ នាក់ និងមត្តេយ្យសហគមន៍ មានចំនួន ១១ សិស្សសរុប ២២១នាក់ ស្រី ១០២នាក់ ៕ អត្ថបទ៖ លោក ញ៉ឹប បូរី