ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញករណីទី២ នៃជំងឺផ្ដាសាយបក្សី លើបុរសដែលត្រូវជាឪពុកកុមារី ដែលបានស្លាប់នៅខេត្តព្រៃវែង។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីស្លាប់កុមារីម្នាក់ អាយុ ១១ ឆ្នាំ កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលរស់នៅភូមិរលាំង ឃុំរំចេក ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ក្រុមការងារអង្កេតស្រាវជ្រាវបន្ទាន់របស់ក្រសួងសុខាភិបាល បានចុះដល់មូលដ្ឋាននៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រុមឆ្លើយតបបន្ទាន់នេះ បានប្រមូលយកវត្ថុសំណាកអ្នកប៉ះពាល់ជាមួយកុមារីដែលបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1 ចំនួន ១២នាក់ ដើម្បីធ្វើការវិភាគនៅវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ ដែលលទ្ធផលនៃការវិភាគ បានបញ្ជាក់ពីវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ ថាមានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ H5N1 ១សំណាក។
ខាងក្រោមនេះគឺជាចំណុចសំខាន់ចំនួន៤ ដែលអ្នកត្រូវដឹងអំពីជំងឺផ្តាសាយបក្សី H5N1៖
១. តើវាគឺជាអ្វី?
ផ្តាសាយបក្សី គឺជាជំងឺគ្រុនផ្តាសាយមួយប្រភេទ ដែលឆ្លងរាលដាលក្នុងចំណោមសត្វស្លាប។
ក្នុងករណីកម្រ វាអាចចម្លងទៅមនុស្សបានតាមរយៈការទំនាក់ទំនងជិតស្និទ្ធជាមួយបក្សីដែលមានមេរោគ ទាំងស្លាប់ ឬនៅរស់។
មនុស្សក៏អាចឆ្លងជំងឺផ្តាសាយបក្សីផងដែរ ប្រសិនបើពួកគេសម្លាប់ ឬរៀបចំសត្វបក្សីដែលមានមេរោគ សម្រាប់បរិភោគ។
សត្វស្លាបព្រៃគឺជាភ្នាក់ងារនាំមេរោគនេះ ជាពិសេសពេលសត្វទាំងនោះបន្លាស់ទី។
នៅពេលពួកវាប្រមូលផ្តុំគ្នាដើម្បីបង្កាត់ពូជ មេរោគនេះនឹងរីករាលដាលយ៉ាងឆាប់រហ័ស ហើយត្រូវបានបញ្ជូនទៅផ្នែកផ្សេងៗនៃពិភពលោក។
២. តើមេរោគប្រភេទអ្វីដែលកំពុងរីករាលដាល?
នោះគឺ H5N1។
រហូតមកដល់ពេលនេះ មេរោគថ្មី ត្រូវបានរកឃើញនៅក្នុងសត្វបក្សី និងបសុបក្សីប្រមាណ ៨០លានក្បាលនៅទូទាំងពិភពលោកចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ ដែលនេះជាចំនួនលើសកំណត់ត្រាឆ្នាំមុន ទ្វេដង។
មេរោគនេះ មិនត្រឹមតែរីករាលដាលក្នុងល្បឿនដ៏លឿនប៉ុណ្ណោះទេ វាថែមទាំងបង្កការស្លាប់ក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមកដែរ ជាហេតុនាំឲ្យក្រុមអ្នកវិទ្យាសាស្រ្តព្រួយបារម្ភ។
៣. តើវាអាចឆ្លងមនុស្សទេ?
ពិតណាស់ ប៉ុន្តែមានតែករណីលើមនុស្សត្រឹម៨៦០នាក់ប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍ទៅអង្គការសុខភាពពិភពលោកចាប់តាំងពីឆ្នាំ២០០៣មក។
ហានិភ័យចំពោះមនុស្ស ត្រូវបានគេចាត់ទុកថាមានកម្រិតទាប។
ប៉ុន្តែប្រជាជន ត្រូវបានដាស់តឿនហើយ ដាស់តឿនទៀត កុំឲ្យប៉ះបក្សីឈឺ ឬងាប់ ព្រោះមេរោគនេះ មានសមត្ថភាពសម្លាប់មនុស្ស៥៦ភាគរយ ក្នុងចំណោមមនុស្សដែលវាឆ្លង។
៤. រោគសញ្ញា
ជំងឺផ្ដាសាយបក្សី H5N1 បានបង្កឲ្យមានរោគសញ្ញាដូចជា៖
- គ្រុនក្តៅលើស៣៨អង្សាសេ
- ក្អក
- ឈឺសាច់ដុំ
- សំឡេងស្អក
- ឈឺក
- ពិបាកក្នុងខ្លួន
- អស់កម្លាំង
- ឈឺពោះ ជួនកាលមានរាក
- ចង្អោរ
- ក្អួត
- ឈឺពោះ
- ឈឺទ្រូង
- ស្ថានភាពផ្លូវចិត្តផ្លាស់ប្តូរ
- ប្រកាច់
មនុស្សមួយចំនួនដែលមានជំងឺផ្តាសាយបក្សី H5N1 ក៏អាចវិវត្តទៅជាបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ រួមទាំងរលាកសួត និងថប់ដង្ហើមផងដែរ។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ឆ្នាំ២០០៥ បានបង្ហាញថា អាការដកដង្ហើមខ្លី កើតឡើងប្រហែល ៥ថ្ងៃបន្ទាប់ពីរោគសញ្ញាដំបូងលេចឡើង។
ស្ថានភាពរបស់មនុស្សដែលកើតជំងឺផ្តាសាយបក្សី H5N1 អាចកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស។ ពួកគេអាចជួបប្រទះនឹងបញ្ហាផ្លូវដង្ហើម និងខូចសរីរាង្គច្រើន ដែលអាចបណ្តាលឲ្យស្លាប់៕